Update៖ ហ្វីលីពីន ជម្លៀសប្រជាជននឹងត្រៀមកងទ័ព ដើម្បីទប់ទល់ជាមួយព្យុះទីហ្វុង!

ហ្វីលីពីនបានបញ្ជាឱ្យជម្លៀសប្រជាជននឹងស្តុកទុកស្បៀងអាហារដោយត្រៀមកម្លាំងកងទ័ពកាលពីថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបពីការវាយប្រហាររបស់ព្យុះទីហ្វុងថ្មីឈ្មោះថា Yinxing។
ប្រភពពីព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានឱ្យដឹងថា ពេលនេះ ចំណុចកណ្តាលនៃព្យុះទីហ្វុងខាងលើ ដែលមានកម្លាំងខ្យល់បក់ប្រមាណ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង គឺស្ថិតនៅចម្ងាយប្រហែលជិត៦០០គីឡូម៉ែត្រ ពីក្រុង Baler ក្នុងខេត្ត Aurora ភាគខាងកើតនៃ ប្រទេសហ្វីលីពីន។ អាជ្ញាធរក្នុងតំបន់ បានអំពាវនាវឱ្យអ្នកទាំងអស់គ្នាដែលរស់នៅតាមសហគមន៍ដាច់ស្រយាល ជម្លៀសខ្លួនជាមុន ដោយសារក្រុមសង្រ្គោះពិបាកធ្វើដំណើរទៅដល់ពួកគេ អំឡុងការវាយប្រហាររបស់ព្យុះ។

ជាមួយគ្នានេះ ស្បៀងអាហារ កំពុងត្រូវបានស្តុកទុក ហើយកងទ័ពត្រូវបានត្រៀម ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងសង្រ្គោះជនរងគ្រោះ។
គួររំលឹកថា តាមការព្យាករ ព្យុះ Yinxing អាចនឹងបោកបក់មកដល់ដីគោក នៅម្តុំខេត្ត Cagayan ភាគខាងជើងហ្វីលីពីន នៅចន្លោះ យប់ថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រសប្តាហ៍នេះ។

មនុស្សប្រមាណ២៤លាននាក់ អាចនឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីព្យុះ។ វាគឺជាព្យុះទី៣ហើយ ក្នុងរយៈពេលតិចជាង១ខែ ដែលវាយប្រហារមកលើហ្វីលីពីន បន្ទាប់ពីព្យុះ Trami និងព្យុះ Kong-rey ដែលបានសម្លាប់មនុស្សសរុបចូលគ្នាចំនួន១៥១នាក់ និងបង្កឱ្យបាត់ខ្លួន២១នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version