ឯកឧត្តម សេង ឈួន អញ្ជើញទស្សនកិច្ចសិក្សាបច្ចេកទេសគ្រប់គ្រងការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់នៅប្រទេសថៃ!

(ប្រទេសថៃ)៖ នាថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន បានដឹកនាំប្រតិភូក្រសួងធ្វើទស្សនកិច្ចសិក្សាសិក្សាបច្ចេកទេសគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅប្រទេសថៃ និងចុះទស្សនកិច្ចសិក្សាផ្ទាល់អំពីការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្ថានីយជញ្ជីង Wattana Nakhon និងស្ថានីយជញ្ជីង Sa Kaeo នៃខេត្តស្រះកែវ ប្រទេសថៃ។ ការចុះសិក្សាបច្ចេកទេសនេះ មានការសម្របសម្រួលពី អគ្គនាយកដ្ឋានផ្លូវជាតិ នៃក្រសួងសាធារណការ ប្រទេសថៃ ដែលតំណាងដោយ ឯកឧត្តម Tanin Rirattanapong អគ្គនាយក និងមន្រ្តីក្រោមឱវាទ។

ការសិក្សាបច្ចេកទេសគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ ធ្វើឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ក្នុងការគ្រប់គ្រងយន្តការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ ឱ្យទទួលបានលទ្ធផល និងប្រសិទ្ធភាព និងឱ្យក្លាយជាមូលដ្ឋានសម្រាប់សិក្សាលើផ្នែកច្បាប់ និងបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់បំពេញបន្ថែមលើការអនុវត្តការងារកន្លងមក និងទិសដៅនៃការរៀបចំយន្តការគ្រប់គ្រងការដឹកលើសទម្ងន់កម្រិតកំណត់នៅថ្ងៃមុខ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធាន បានអំណរគុណដល់ភាគីប្រទេសថៃ ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំណាយពេលវេលារៀបចំកម្មវិធី និងសូមឱ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការគ្នាបានល្អទាំងបច្ចុប្បន្ន និងទៅថ្ងៃខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version