សម្តេចតេជោ ផ្ញើសារអបអរសាទរជូនលោក ត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក!

(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតថ្មីជាប្រធានាធិបតីអាមេរិក។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញទំនុកចិត្តថា លោក ដូណាល់ ត្រាំ នឹងរួមចំណែកជួយនាំមកនូវសន្តិភាពសម្រាប់ពិភពលោកទាំងមូល។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានបង្ហាញលទ្ធផលជាផ្លូវការថា លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីទី៤៧របស់អាមេរិក..!។

ភ្លាមៗក្រោយលទ្ធផលនៃការបោះឆ្នោតនេះ សម្តេចតេជោ បានសម្ដែងការ អបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យជម្នះនេះ។
សម្តេចតេជោ បានគូសរំលេចក្នុងសារលិខិតអបអរសាទរថា ការជាប់ឆ្នោតសាជាថ្មីរបស់លោក ដូណាល់ ត្រាំ គឺជាសក្ខីភាពមួយដែលបញ្ចាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និងបទពិសោធទូលំទូលាយរបស់លោក ទាំងក្នុងវិស័យឯកជន និងសាធារណៈ។
ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្ដម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋ អាមេរិកឆ្ពោះទៅរកអនាគត មួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀត ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ពិភពលោកទាំងមូលផងដែរ។
នេះជាការគូសរំលេចរបស់សម្តេចតេជោ ក្នុងសារអបអរសាទរផ្ញើជូនលោក ដូណាល់ ត្រាំ។
ក្នុងសារលិខិតនេះ សម្តេចតេជោ បានលើកឡើងដែរថា ស្របពេលដែលកម្ពុជា និងអាមេរិក នឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការយោគយល់និងការគោរពគ្នាទៅវិញទៅមកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
ក្នុងនាមជាប្រធានព្រឹទ្ធសភានៃកម្ពុជាសម្តេចតេជោ បានប្រកាសបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ និងសភាសហរដ្ឋអាមេរិក ជាពិសេសព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនប្រទេសទាំង២៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version