លោកស្រី ផែថងថាន ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន!

(ថៃ)៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នាថ្មីៗនេះ បានផ្ញើសារថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរលោកស្រី ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃ ហើយប្រកាសថា លោកស្រីត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសថៃ និងកម្ពុជា។
នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ដូច្នេះថា៖ «សារលិខិតរបស់ សម្តេច គឺជាប្រភពនៃការគាំទ្រ និងការលើកទឹកចិត្តដ៏ធំធេង ចំពោះរូបខ្ញុំ ក្នុងពេលបំពេញការទទួលខុសត្រូវថ្មី»។
លោកស្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលទំនាក់ទំនងថៃ-កម្ពុជា បាននិងកំពុងពង្រឹង និងពង្រីកកាន់តែខ្លាំងក្លា។ ជាមួយគ្នានេះ លោកស្រីបានអះអាងថា លោកស្រីទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និង ប្រជាជនយើងទាំងពីរ។
«ខ្ញុំត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសថៃ និងកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសយើងទាំងពីរ»។ នេះបើតាមសារលិខិតរបស់ លោកស្រី ផែថងថាន។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ និងសុភមង្គល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version