Update៖ ហេសបូឡា ថាការចរចាអាចទៅរួចប្រសិនបើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើលីបង់!

លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បាននិយាយថា មានតែការវិវត្តនៅសមរភូមិប៉ុណ្ណោះ ដែលអាចបញ្ចប់អរិភាពរវាងក្រុមប្រដាប់អាវុធលីបង់ និងយោធាអ៊ីស្រាអែល មិនមែនសកម្មភាពនយោបាយនោះទេ ប៉ុន្តែការចរចាគ្នាដោយប្រយោលអាចទៅរួច ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅលីបង់។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក Qassem ដែលទើបមកដឹកនាំក្រុមហេសបូឡា បានគូសថាខ្ញុំសូមប្រាប់ឱ្យច្បាស់ ជំនឿចិត្តរបស់យើង គឺមានតែរឿងមួយគត់ ដែលអាចបញ្ឈប់សង្គ្រាមឈ្លានពាននេះបាន ហើយនោះគឺការប្រើសមរភូមិ។ លោក Qassem ថាលោកមិនជឿទេថា សកម្មភាពនយោបាយ អាចនឹងនាំទៅរកការបិទបញ្ចប់ជម្លោះជាង ១ឆ្នាំមកនេះឡើយ។ លោកថា មានផ្លូវទៅកាន់ការចរចា ដោយប្រយោលដែរ តាមរយៈរដ្ឋលីបង់ ប៉ុន្តែលុះត្រាតែអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារនៅលីបង់ ជាមុនសិន។
គួររំលឹកថា អ៊ីស្រាអែល មានបំណងបញ្ជូនអ្នកស្រុកដែលបានផ្លាស់ទីលំនៅ ពីភាគខាងជើងប្រទេសទៅកាន់ផ្ទះរបស់ពួកគេវិញ និងធានាថាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ មិនបង្កការគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែលទៀត។ កាលពីសប្តាហ៍មុន បណ្តាញផ្សព្វផ្សាយអ៊ីស្រាអែល Kan អ៊ីស្រាអែល បានចេញផ្សាយផែនការបទឈប់បាញ់រយៈពេល ៦០ថ្ងៃ របស់សហរដ្ឋអាមេរិក ដែលរួមបញ្ចូលផងដែរ នូវលិខិតផ្លូវការអាមេរិក-អ៊ីស្រាអែល ដែលផ្តល់សិទ្ធិឱ្យអ៊ីស្រាអែល ចាត់វិធានការប្រឆាំងការគំរាមកំហែងសន្តិសុខ នៅក្នុងប្រទេសលីបង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version