អាជ្ញាធរគួរតែពន្លឿន ដោះស្រាយជម្លោះរឿងធ្វើរបងបិទផ្លូវ ក្រោយវត្តពុទ្ធមេតា ក្នុងក្រុងសំរោង!

(ឧត្តរមានជ័យ)៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ មានជម្លោះដ៏ស្រួចស្រាល់ រវាងពលរដ្ឋនិងពលរដ្ឋ ពាក់ព័ន្ធនិងព្រះសង្ឃផងដែរ។
បន្ទាប់ពីម្ចាស់ដីចម្ការមួយ បានធ្វើរបងបិទផ្លូវ ស្ថិតនៅខាងក្រោយវត្តពុទ្ធមេតា ក្នុងភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជម្លោះនេះគួរតែអាជ្ញាធរពន្លឿនដំណោះស្រាយ ឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសវាង អំពើហិង្សាកើតឡើង។

លោក លាង ប៊ុនធូ តំណាងពលរដ្ឋជាច្រើនគ្រួសារ មានដីចម្ការនៅខាងក្រោយវត្តជាប់ៗគ្នាជាមួយម្ចាស់ដីនៅខាងមុខដែលបិទផ្លូវនេះ បានសំណូមពរដល់អាជ្ញាធរសុំជួយអន្តរាគមន៍ ជួយបើកផ្លូវឱ្យពលរដ្ឋបានធ្វើដំណើរ ទៅមកអាស្រ័យផលដូចធម្មតាឡើងវិញផង។

លោកតាអាចារ្យ ឈ្មោះអ៊ីម យ៉ាន អាយុ៧៣ឆ្នាំបានលើកឡើងថា ផ្លូវដែលបិទនៅខាងក្រោយដីវត្តនេះ ។
ដើមឡើយជាផ្លូវពលរដ្ឋជាច្រើនគ្រូសារ ធ្លាប់ដើរទៅមកអាស្រ័យផលធ្វើចម្ការ-ស្រែរៀងៗខ្លួន។
ក្រោយមកផ្លូវមួយនេះត្រូវបានធ្វើរបងបិទ ព្រមទាំងរំលោភឆ្លងអូរចូលដីវត្តថែមទៀត។
ព្រះសង្ឃ ថាន ញ៉េ ព្រះចៅអធិការវត្តពុទ្ធមេតា មានសង្ឃដីកាថា ការធ្វើរបងបិទផ្លូវនៅខាងក្រោយវត្តនេះ គឺបានចូលដីវត្តពិតប្រាកដមែន។
រីឯការធ្វើរបងបិទផ្លូវនេះ គឺកើតឡើងពីមានទំនាស់ពាក្យសម្តីរវាងឧបាសកនិងឧបាសក ដែលមានទីតាំងដីជាប់ៗគ្នាទើបឈានដល់ការបិទផ្លូវនេះតែម្តង។

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់បានឱ្យដឹងថា ករណីជម្លោះដីរវាងពលរដ្ឋនិងពលរដ្ឋ ដែលមានដីរៀងៗខ្លួននៅផ្នែកខាងក្រោយបរិវេណវត្តនោះ គឺបានកើតឡើងយូរមកហើយ។
អាជ្ញាធរសង្កាត់បានសម្របសម្រួលចំនួន២លើក តែភាគីជម្លោះមិនទទូលយកការសម្របសម្រួលនោះទេ។បច្ចុប្បករណីនេះខាងសង្កាត់បានបញ្ជូនសំណុំរឿងទៅសាលាក្រុងដើម្បីបន្តនីតិវិធី។

ពាក់ព័ន្ធជម្លោះខាងលើម្ចាស់របងបិទផ្លូវ មិនបានផ្តល់សម្ភាសន៍ពិស្តារទេ ដោយលើកឡើងដោយខ្លីថា ការធ្វើរបងបិទនេះគឺធ្វើលើដីចម្ការរបស់ខ្លួន ដែលមានផ្លង់កំណត់ព្រំប្រទល់ដីត្រឹមត្រូវ។
ចំណែកលោក ថុន ចាន់និល អភិបាលក្រុងសំរោងបានឱ្យដឹងថា ករណីជម្លោះនេះអាជ្ញាធរក្រុងបានទទូលសំណុំរឿងហើយ នឹងកោះហៅភាគីពាក់ព័ន្ធដើម្បីសម្របសម្រួល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version