ម៉ូតូបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់ នៅខណ្ឌដង្កោ!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង នៅផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ម៉ៅ ម៉េង អាយុ៣៣ឆ្នាំ ជាអ្នកលក់ដូរ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតខេត្តតាកែវ។
ចំណែកស្រ្តីភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបាន គេជួយដឹកទៅមន្ទីរពេទ្យភ្លាម។

មុនកើតហេតុប្តីនិងប្រពន្ធ បានជិៈម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1HN-6197 ឌុបគ្នាចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ ម៉ូតូបានបើកតាមផ្លូវលេខ៣៧១ពីលិចទៅកើត លុះមកដល់កន្លែងខាងលើ ស្រាប់តែមានម៉ូតូម៉ាកស្គូបពីផ្លាកលេខ ភ្នំពេញ1IK-5507 ប្តីឌុបប្រពន្ធបើកមកពីមុខ យ៉ាងលឿនក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យខាងម៉ូតូហុងដាឌ្រីមជាប្តីបានស្លាប់ភ្លាម។

ចំណែកប្រពន្ធខាងម៉ូតូស្គូបពីបានរងរបួសធ្ងន់ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យ ហើយយកម៉ូតូទាំង២គ្រឿងទៅទុក រង់ចាំឱ្យតំណាងភាគីទាំង២ ចូលខ្លួនដោះស្រាយពេលក្រោយ។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version