Update៖ ពលរដ្ឋជាង១០០គ្រួសារ នៅស្រុកកោះញែក គ្រោងប្ដឹងទៅក្រសួងមហាផ្ទៃនិងសម្ដេចធិបតី ក្រោយបណ្ដឹងពួកគាត់រាប់ខែហើយ ពុំទាន់មានដំណោះស្រាយ!

(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសម្ដែងការមិនពេញចិត្តនិងខកចិត្តជាខ្លាំង ទៅលើរដ្ឋបាលស្រុកកោះញែក!។
ដោយថា ពួកគាត់មានទំនាស់និងទុក្ខកង្វល់ខំមកប្ដឹង ដើម្បីឱ្យលោក ឌឹម នី អភិបាលស្រុកកោះញែក ជួយរកដំណោះស្រាយអោយ..!។
ប៉ុន្តែបែរជារដ្ឋបាលស្រុក ផ្អឹមបណ្ដឹងពួកគាត់ទុកចោល រយៈពេលជិត១ឆ្នាំហើយ គ្មានចំណាត់ការទាល់តែសោះ..!។

ក្រោយរដ្ឋបាលស្រុកកោះញែក គ្មានដំណោះស្រាយបែបនេះ នៅអំឡុងខែសីហា ឆ្នាំ២០២៣ ពួកគាត់បាននាំគ្នាផ្ដិតមេដៃចំនួន១២៨គ្រួសារ ប្ដឹងទៅ រដ្ឋបាលខេត្តមណ្ឌលគិរី បន្ថែមទៀត.!។

ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺរហូតមកទល់និងពេលនេះ ទាំងរដ្ឋបាលស្រុកកោះញែក រួមនិងរដ្ឋបាលខេត្តមណ្ឌលគិរី គ្មានដំណោះស្រាយនោះឡើយ..!។
ជាហេតុនាំឱ្យពួកគាត់ អស់ជំនឿលើអាជ្ញាធរមូលដ្ឋាន! ហើយពួកខ្លួនគ្រោងនឹងប្ដឹងទៅក្រសួងមហាផ្ទៃ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពេលឆាប់ៗខាងមុខ..!។

ជុំវិញទុក្ខកង្វល់នេះដែរ កាលពីថ្ងៃទី១៤.០៨.២០២៣ កន្លងទៅ
លោក សុវិន ទួន ប្រធានភូមិប៉ាថា ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ/លោក សុវិន ហួន ប្រធានសហគមន៍ រួមនិងលោក ពៅ ភិន តំណាងឱ្យពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិប៉ាថា ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ និងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សរុបចំនួន ១២៨គ្រួសារ។

បានប្ដឹងមន្ត្រីយោធាឈ្មោះ រឿន រដ្ឋានៅវរៈអន្តរាគមលេខ១ នៃតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី និងឈ្មោះ អឿន ម៉ៅ រួមនិងបក្ខពួក ចូលអភិបាលខេត្តមណ្ឌលគិរី ពីបទៈ ប្រើប្រាស់អាវុធ បាញ់បោះសេរី និងបាញ់សំឡុត ពួកគាត់ក្នុងទំនាស់ដីធ្លី..!។

ក្នុងបណ្ដឹងនោះ ក្រុមពលរដ្ឋបានអះអាងថាៈ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា និងបក្ខពួកបានបាញ់បោះសេរី និងបាញ់សំឡុតគំរាមកំហែងពួកខ្លួន..!។
ដើម្បីរំលោភយកដី.ត្រង់ចំណុច”អន្លង់ចេក”ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ក្នុងនោះលោក ពៅ ភិន បានអះអាងថាៈ នៅថ្ងៃកើតហេតុ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា និងឈ្មោះ អឿន ម៉ៅ ពិតជាបានទាញកាំភ្លើងវែង មកបាញ់សំឡុតពួកខ្លួនចំនួន០៣គ្រាប់.ប្រាកដមែន..!។

លោក ពៅ ភិន បន្តថាៈ ក្រោយពីបាញ់គំរាមសំឡុតពួកគាត់ហើយ!
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា.ឈ្មោះ អឿន ម៉ៅ និងបក្ខពួក បានលើកគ្នា មករុះរើ និងកាត់រលំផ្ទះ របស់គាត់ ត្រង់ចំណុច”អន្លង់ចេក”ស្ថិតនៅភូមិ-ឃុំខាងលើ ទាំងកម្រោល ដោយគ្មានដីកា សម្រេចពីតុលាការទៀតផង។

ប្រភពដដែលបន្ថែមថាៈ កន្លងមក មន្ត្រីយោធាឈ្មោះ រឿន រដ្ឋា.ឈ្មោះ អឿន ម៉ៅ និងបក្ខពួក តែងតែធ្វើទុក្ខបុកម្នេញ។
ដោយស្ពាយកាំភ្លើងវែង មកបាញ់សំឡុត គំរាមកំហែងបំភិតបំភ័យ អ្នកភូមិជាច្រើនគ្រួសារ ដើម្បីដណ្ដើមយកដី ក្នុងភូមិសាស្ត្រខាងលើ ស្រស់ៗតែម្ដង។

ខណៈទីតាំងដីទំនាស់នោះ ជាតំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ឆ្ងាយពីទីតាំងរដ្ឋបាលឃុំ-ស្រុក ហើយផ្លូវក៏ពិបាកធ្វើដំណើរទៀត។
ជាហេតុនាំឱ្យបុគ្គលខាងលើ ឆ្លៀតឱកាស សំឡុតបំភិតបំភ័យ ពលរដ្ឋនៅតំបន់នោះ បានយ៉ាងងាយ។

-ជាការឆ្លើយតបលោក អឿន ម៉ៅ បុគ្គលដែលរងការចោទប្រកាន់ ធ្លាប់បានទទួលស្គាល់ថា ពួកខ្លួនពិតជាបានបាញ់ចំនួន០៣គ្រាប់ ប្រាកដមែន!។
ប៉ុន្តែលោក អឿន ម៉ៅ បដិសេធថាៈ ពួកគាត់ មិនបានបាញ់ពលរដ្ឋ ឬសំឡុតពលរដ្ឋនោះទេ គឺគ្រាន់តែបាញ់ឡើងលើលេងប៉ុណ្ណោះ។

ចំពោះការកាត់រលំផ្ទះ របស់ពលរដ្ឋវិញ លោក អឿន ម៉ៅ បានឆ្លើយថា មកពីឈ្មោះ ពៅ ភិន រំលោភយកដីខ្លួន ទើបកាត់រលំចោល។
ខណៈលោក អឿន ម៉ៅ ទទួលស្គាល់ចំពោះការបាញ់បោះបែបនេះ។

ស្រាប់តែលោក រឿន រដ្ឋា បម្រើការងារ នៅវរៈអន្តរាគមលេខ១ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី។
បានថ្លែងបដិសេធថា រូបលោកមិនបានបាញ់បោះ ឬសំឡុតគំរាមកំហែងពលរដ្ឋ ដូចការចោទប្រកាន់នោះឡើយ..!។

លោក រឿន រដ្ឋា អះអាងថាៈ ខ្ញុំគ្មានដីនៅតំបន់នោះទេ ហើយបើថា រូបលោកបាញ់បោះមែន ។
លោកសូមឱ្យបង្ហាញភស្តុតាងនានា ដូចជាសំបកគ្រាប់ ឬវីដេអូ នៃសកម្មបាញ់បោះជាក់ស្ដែង!។

ទោះយ៉ាងណាក្ដី នៅថ្ងៃទី១៨.១២.២០២៣ តំណាងពលរដ្ឋជាង១០០គ្រួសារ បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះអាជ្ញាធរស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី ដែលពុំទាន់មានដំណោះស្រាយ ពាក់ព័ន្ធបណ្ដឹងរបស់ពួកគាត់..!។

រាល់ទុក្ខកង្វល់ខាងលើ នៅព្រឹកទី១៩.១២.២០២៣ លោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានថ្លែងប្រាប់«ដើមរាំង»ថា រូបលោកកំពុងរវល់សិក្ខាសាលា ហេតុនេះពេលទំនេរ លោកនឹងសួរនាំអំពីបណ្ដឹងខាងលើ ថាតើចំណាត់ការដល់ណាហើយ?។
ចំណែកលោក ឌឹម នី អភិបាលស្រុកកោះញែក ពុំអាចសុំការបកស្រាយបានទេ! ដោយទូរស័ព្ទចូលហើយ លោកមិនទទួល!។

ទាក់ទិនបញ្ហាខាងលើ ពលរដ្ឋ”ជនជាតិដើមភាគតិច”នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក បញ្ជាក់ថា«បើរដ្ឋបាលស្រុក/ខេត្តមណ្ឌលគិរី នៅតែគ្មានដំណោះស្រាយទៀតទេ ។
ពួកខ្លួននឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនខានឡើយ»៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version