ទួរគីនិងអេហ្ស៊ីប ពិភាក្សាអំពីស្ថានភាពសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប!

ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍បានជួបជាមួយសមភាគីអេហ្ស៊ីប លោក Abdel Fattah al-Sisi ក្នុងទីក្រុង Riyadh និងពិភាក្សាអំពីស្ថានភាពចុងក្រោយបង្អស់ នៅតំបន់ហ្គាហ្សាស្ទ្រីប។

កិច្ចប្រជុំនេះធ្វើឡើង នៅក្រៅកិច្ចប្រជុំកំពូលវិសាមញ្ញរួម អារ៉ាប់-អ៊ីស្លាម នៅរដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីត។

អ្នកទាំងពីរបានពិភាក្សាអំពី “ការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលកាន់តែមានអំពើហិង្សាពីមួយថ្ងៃទៅមួយថ្ងៃ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយនាយកដ្ឋានទំនាក់ទំនងរបស់Türkiye។

ក្នុងជំនួបនោះ លោក Erdogan បានសង្កត់ធ្ងន់ថា ការរំលោភសិទ្ធិមនុស្សរបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា ត្រូវតែទទួលទណ្ឌកម្មក្រោមច្បាប់អន្តរជាតិ។

លោកបានពន្យល់ពី ចរាចរណ៍ការទូតខ្លាំងរបស់ទួរគី ដើម្បីធានាសន្តិភាពអចិន្ត្រៃយ៍នៅប៉ាឡេស្ទីន។

លោកប្រធានាធិបតីទួរគី ក៏បានសង្កត់ធ្ងន់ថា “Türkiye ត្រៀមខ្លួនជាស្រេចក្នុងការសហការ ផ្តល់ជំនួយមនុស្សធម៌ និងសេវាសុខភាពដល់តំបន់ហ្គាហ្សា”។

មុននេះ កិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាមបានចាប់ផ្តើមនៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការវិវត្តដែលកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប និងទឹកដីប៉ាឡេស្ទីន។

គួរជម្រាបថា មេដឹកនាំ និងអ្នកតំណាងនៃសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាមកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលដែលស្របពេលជាមួយនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបសម្រាប់ថ្ងៃទី 36 ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version