Update៖ អ្នកបើករថយន្ដJeep ដែលបុកគេស្លាប់នៅខណ្ឌទួលគោក បានចូលខ្លួនមកសារភាព នៅស្នងការរាជធានីភ្នំពេញហេីយ​!

(ភ្នំពេញ)៖ ជនបង្កដែលជាអ្នកបើករថយន្ដទំនើបម៉ាកJeep បុកបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនោះ។
បានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុស នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងបែបនេះថា ក្រុមគ្រួសារ និងសាមីខ្លួន បានមកប្រគល់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១១ព្រឹកនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ។នៅចំពោះមុខនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំជនបង្ក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

គួរម្លឹកថាៈ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ត្រូវតំណាងអយ្យការកំណត់ឱ្យបង្ហាញខ្លួន នៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។

ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យ លោកព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់ពីកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version