អ៊ីរ៉ង់ ប្រហារ​ជីវិត​មនុស្ស៤នាក់ ដោយព្យួរ.ក ពាក់ព័ន្ធយកការណ៍ឱ្យចារកម្មអ៊ីស្រាអែល!

កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទ យកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។

តាមសេចក្តីរាយការណ៍ អ្នកទាំង៤ ដែលមានបុរស៣នាក់ និងស្ត្រីម្នាក់ គឺជាជនសង្ស័យចម្បង ក្នុងការស៊ើបអង្កេតពាក់ព័ន្ធមនុស្សសរុប១០នាក់ ។
ដែលអាជ្ញាធរអ៊ីរ៉ង់ចោទថា បានធ្វើការឲ្យទីក្រុងហ្ស៊េរុយសាឡិមខាងលិច ដើម្បីបំផ្លាញសន្តិសុខជាតិរបស់អ៊ីរ៉ង់។

ពិរុទ្ធជនដែលធ្វើសកម្មភាពក្រោមការបញ្ជាផ្ទាល់ពីមន្ត្រីចារកម្ម Mossad គឺបានកំណត់អត្តសញ្ញាណមន្ត្រីសន្តិសុខអ៊ីរ៉ង់ រួចក៏ចាប់ជំរិតពួកគេតែម្តង ។
ហើយទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធតុលាការរបស់ប្រទេសនេះ បានរាយការណ៍ថា អ្នកដែលត្រូវចាប់យកទៅឃុំ គឺត្រូវគេគំរាមនិងធ្វើទារុណកម្ម។

មនុស្សត្រូវប្រហារជីវិតទាំង​៤​នាក់​ មាន​ឈ្មោះ Wafa Hanareh, Aram Omari, Rahman Parhazo, និង Nasim Namazi។
ពួកគេបានធ្វើសកម្មភាពនៅខេត្តភាគពាយព្យ Azerbaijan និងខេត្ត Hormozgan ភាគខាងត្បូង។ ក្រុមនេះក៏ធ្វើប្រតិបត្តិការនៅទីក្រុង Tehran, Minab និងទីក្រុង Tabriz ផងដែរ។

តាមសេចក្តីរាយការណ៍ ក្រុមនេះបានរក្សាការប្រាស្រ័យទាក់ទងជាមួយប្រតិបត្តិករ Mossad តាមរយៈ Video Link និង ទទួលប្រាក់ពីចារកម្មអ៊ីស្រាអែលសម្រាប់ បេសកកម្មរបស់ខ្លួនក្នុងទម្រង់ជារូបិយប័ណ្ណឌីជីថល។
ពិរុទ្ធជន ក៏បានដុតផ្ទះនិងរថយន្តរបស់មន្ត្រីសន្តិសុខអ៊ីរ៉ង់ ហើយរៀបចំផែនការធ្វើឃាតមន្ត្រីអ៊ីរ៉ង់ដែរ ប៉ុន្តែសម្លាប់មិនបានសម្រេច។

ចុង​ចោទ​ប្រាំមួយ​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ករណី​នេះ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ដប់​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​ពី​បទ “ប្រាស្រ័យ​ទាក់ទង​ជាមួយ​របប​ Zionist” និង​ “​រំខាន​ដល់​សន្តិសុខ​ជាតិ”។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែល ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវ​ការអ្វីទេ ​លើករណីនេះ។

គួរជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាបបំផុត បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើក្រុមហាម៉ាសប៉ាឡេស្ទីន ខណៈអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់។

មិនត្រឹមប៉ុណ្ណឹង អ៊ីរ៉ង់ថែមទាំងគំរាមទៀតផងថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីដែលមានខ្លួននៅពីក្រោយខ្នងក្នុងប្រទេសលីបង់ នោះទីក្រុងតេហេរ៉ង់ នឹងមិននៅស្ងៀមឈរឱបដៃមើលឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version