សម្តេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសបារាំង រយៈពេល២ថ្ងៃ នៅខែមករានេះ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
តបតាមការអញ្ជើញ របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ហើយត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បកប្រែក្រៅផ្លូវការ និងបានផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ការអញ្ជើញទៅបំពេញទស្សនកិច្ចក្រៅផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសបារាំងនាពេលនេះ នឹងបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់​ថែមទៀត​ទៅលើវិស័យជាច្រើន រវាងកម្ពុជា និងបារាំង។

យោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតីបារាំង បានបញ្ជាក់ថា«ឯកឧត្តមនាយករដ្ឋមន្ត្រី​ជាទីស្រឡាញ់! មិត្តជាទីស្រឡាញ់។

ខណៈពេលដែលព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៅកាន់ទីក្រុងប៉ារីសកាលពីខែកន្លងទៅ បានបង្ហាញអំពីភាពរឹងមាំនៃចំណងមិត្តភាពរបស់ប្រទេសយើងទាំងពីរ និងរបស់ប្រជាជនរបស់​យើងកម្ពុជា-បារាំង ខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញឯកឧត្តម ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេស​បារាំងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករាខាងមុខនេះ។

លោកប្រធានាធិបតី បានបញ្ជក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសបារាំងនេះ ចាប់តាំងពីការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងអនុញ្ញាតក្នុងការបង្កើននូវវឌ្ឍនភាព និងកាន់តែមានភាពច្បាស់លាស់ថែមទៀតទៅលើវិស័យជាច្រើនផ្សេងទៀត ជាពិសេស គឺចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសនៅក្នុង វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ វិស័យការពារជាតិ បេតិកភណ្ឌ និងភាសាបារាំង។

លោកអេម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា ខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្វនេះនឹង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត នូវការធ្វើ​ពិពិធកម្ម ដើម្បីគ្រប់គ្រងផលប្រយោជន៍រួមគ្នា ក្នុងនោះមានដូចជាបញ្ហាប្រឈមនៃសាកល​ភាវូបនីយកម្មដែលមានការផ្លាស់ប្តូរ និងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ។ វានឹងអនុញ្ញាតឱ្យយើងពិនិត្យមើលនូវមធ្យោបាយ ដែល យើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់សកល ដែលផ្អែកលើវិធានច្បាប់ ដែលនឹងអនុញ្ញាតដល់ការធានានូវ អធិបតេយ្យភាព និងពោរពេញទៅដោយឯករាជ្យ នៃរដ្ឋទាំងអស់។ ខ្ញុំសូម ឯកឧត្តម នាយ រដ្ឋមន្ត្រី ទទួលនូវការគោរពអំពីខ្ញុំ។

បន្ថែមពីលើខ្លឹមសារខាងលើ លោកប្រធានាធិបតី​បារាំង​ក៏បានសរសេរផ្ទាល់ដៃនូវឃ្លា ដែលផ្ញើនូវ ការនឹករលឹកដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដោយឃ្លានោះ បានលើកឡើងថា សូមមេត្តាពាំនាំការគោរពនឹករលឹកជូនចំពោះលោកឪពុករបស់ ឯកឧត្តមដែលជាមិត្តសម្លាញ់របស់ខ្ញុំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version