Update៖ អាមេរិកថា រុស្ស៊ីប្រើមីស៊ីលរបស់កូរ៉េខាងជើង បាញ់ចូលអ៊ុយក្រែន!

មន្ត្រីសេតវិមានបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសអ៊ុយក្រែន ។
ហើយឥឡូវនេះរុស្ស៊ី កំពុងស្វែងរកទិញមីស៊ីលផ្លោងរយៈចម្ងាយជិត ពីប្រទេសអ៊ីរ៉ង់បន្ថែមទៀត ខណៈដែលទីក្រុងមូស្គូ កំពុងប្រកាសបំពេញបន្ថែម នូវអាវុធដែលបាត់បង់របស់ខ្លួន។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា កូរ៉េខាងជើងបានផ្តល់ឱ្យរុស្ស៊ីនូវកាំជ្រួចមីស៊ីលផ្លោង ។
ហើយសហរដ្ឋអាមេរិករំពឹងថា មីស៊ីលបន្ថែមដែលផ្គត់ផ្គង់ដោយក្រុងព្យុងយ៉ាង នឹងត្រូវប្រើប្រាស់ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន និងសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់។

ទោះជាយ៉ាងណា លោក John Kirby បានលើកឡើងពីការស៊ើបការណ៍សម្ងាត់ ប៉ុន្តែដោយមិនបានបញ្ជាក់លម្អិតបន្ថែមទៀត លោកបាននិយាយថា យោធារុស្ស៊ីបានបាញ់បង្ហោះយ៉ាងហោចណាស់មីស៊ីលផ្លោងមួយគ្រាប់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ហើយវាបានចុះចតនៅវាលបើកចំហក្នុងតំបន់ Zaporizhzhia។

គួរជម្រាបថា សហរដ្ឋ​អាមេរិក​ធ្លាប់បាន​លាតត្រដាង​ពី​ការ​ប្រគល់​គ្រឿង​បរិក្ខារ​យោធា និង​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ទៅ​ឲ្យ​រុស្ស៊ី​សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន​នៅ​អ៊ុយក្រែន។
ប៉ុន្តែនេះជាលើកដំបូងដែលមន្ត្រីអាមេរិកបាននិយាយជាសាធារណៈអំពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ 2022។

យ៉ាងណាមិញ នៅមិនទាន់មានការចេញឆ្លើយបញ្ជាក់ចំពោះការលើកឡើងនេះទៅឡើយពីរដ្ឋាភិបាលក្រុងមូស្គូ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version