ចុមយក្សកម្មវិធីខួបកំណើត នៅលើភ្នំគិរីរម្យ បាញ់កាំភ្លើងជាង២០០គ្រាប់ ជំនួសកាំជ្រួច!

(កំពង់ស្ពឺ)៖ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ បន្ទាប់ពីមានកម្មវិធីខួបកំណើត នៅលើភ្នំគិរីរម្យ ហើយផ្ទុះអាវុធរាប់សិបគ្រាប់!។
ប្រតិបត្តិការ ចុះស្រាវជ្រាវនេះ ធ្វើឡើង ដោយអាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច”ផ្ទះលំហែលើភ្នំគិរីរម្យ” ស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម្ចាស់ផ្ទះលំហែ នាកន្លែងកើតហេតុ ត្រូវគេសង្ស័យថា ឈ្មោះ ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធការបាញ់បោះខ្នាតធំនេះដែរ នៅរសៀលទី១៣.១១.២០២៣«ដើមរាំង»បានព្យាយាមសុំការបកស្រាយពីលោក សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច តាមប្រព័ន្ធTelegram ប៉ុន្តែលោកចូលមើលហើយ បែរជាមិនឆ្លើយតប..! ។

បើតាមប្រភពដែល«ដើមរាំង»ទទួលបាន ដើមចមដំបូង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានកម្មពីធីខួបកំណើត នៅកន្លែងកើតហេតុ!។
ពោលគឺ ចាប់ពីម៉ោង១៦:០០នាទីរសៀល រហូតដល់យប់ជ្រៅ មានការបាញ់បោះសេរីជាបន្តបន្ទាប់.!
សង្ស័យពួកគេ ប្រើអាវុធបាញ់គ្រាប់ពិត ដើម្បីអប់អរសាទរ ខួបកំណើត.ជំនួសការបាញ់កាំជ្រួច!។

យ៉ាងណាក្ដីពេលចុះពិនិត្យនោះ សមត្ថកិច្ច រកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុ រួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់ សរុបចំនួន២០៣គ្រាប់។
គណ:កម្មការបាន យកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ថែម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version