Update៖ ចំនួនអ្នកស្លាប់ ដោយសាររញ្ជួយដីនៅជប៉ុន បានកើនដល់១០០នាក់ហើយ!

ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីជាបន្តបន្ទាប់ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា បានកើនឡើងដល់100 នាក់ហើយ កាលពីថ្ងៃសៅរ៍ ។
ខណៈដែលការស្វែងរកអ្នករស់រានមានជីវិតនៅក្រោមអគារបាក់រលំបានបន្តជាថ្ងៃទី៥ ចំពេលមានគ្រោះរញ្ជួយដី។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ 98 នាក់កាលពីដើមថ្ងៃ ប៉ុន្តែការស្លាប់ចំនួន 2 នាក់ទៀតត្រូវបានរាយការណ៍នៅ Anamizu ។
ទន្ទឹមនឹងនេះ គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនអ្នកបាត់ខ្លួនមានចំនួនដល់ទៅ 211 នាក់នៅក្នុងតំបន់ Ishikawa នៃទីក្រុង Honshu ដ៏សំខាន់របស់ប្រទេសជប៉ុន។

ការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា នៅរសៀលថ្ងៃទី១ខែមករា ដោយបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សទៅទីសុវត្ថិភាព។
ប្រតិបត្តិការជួយសង្គ្រោះនិងផ្តល់ជំនួយទៅកាន់អ្នករស់នៅតំបន់ដែលត្រូវកាត់ផ្តាច់ កំពុងជួបឧបសគ្គដោយសារតែកត្តាអាកាសធាតុនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

តាមសេចក្តីរាយការណ៍ គ្រួសារប្រហែល២៣៨០០ នៅតែគ្មានអគ្គិសនីប្រើប្រាស់ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ហើយជាង ៦៦៤០០០គ្រួសារ គ្មានទឹកស្អាតប្រើប្រាស់។

មិនត្រឹមប៉ុណ្ណឹង ការដាច់ភ្លើងនិងទឹក ក៏ប៉ះពាល់ដល់មន្ទីរពេទ្យ និងមណ្ឌលមើលថែទមនុស្សចាស់និងជនពិការផងដែរ។ ទន្ទឹមនោះ មនុស្សជាង៣១៤០០ នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលចំនួន៣៥៧ ដែលរដ្ឋាភិបាលបង្កើតឡើង។

សូមបញ្ជាក់ថា ទោះជប៉ុន តែងជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែការរញ្ជួយភាគច្រើន គឺមិនបណ្តាលឲ្យមានការខូចខាតខ្លាំងក្លាទេ ដោយសារតែប្រទេសនេះ បានអនុវត្តច្បាប់សាងសង់អគារយ៉ាងតឹងរ៉ឹង អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។

ប្រទេសនេះ នៅតែត្រូវលងបន្លាចដោយការរញ្ជួយដីបាតសមុទ្រកម្រិត ៩.០រ៉ិចទ័រក្នុងឆ្នាំ២០១១ ដែលបង្កជារលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សប្រហែល១៨.៥០០នាក់ស្លាប់ឬបាត់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version