ប្រភពសន្តិសុខចំនួន៣ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី០៨ មករា) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ នៅក្នុងកងកម្លាំង Radwan របស់ក្រុមហេសបូឡា។
សន្តិសុខបាន កំណត់អត្តសញ្ញាណមេបញ្ជាការជាន់ខ្ពស់នោះ ថាជា លោក Wissam Al-Taweel ដែលអនុប្រធានអង្គភាពមួយនៅក្នុងកងកម្លាំង Radwan។
ពួកគេបាននិយាយថា គាត់និងអ្នកប្រយុទ្ធហេសបូឡា ម្នាក់ទៀតក៏បានស្លាប់ផងដែរ នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារ នៅក្នុងការវាយឆ្មក់លើភូមិ Majdal Salam ប្រទេសលីបង់។
ប្រភពសន្តិសុខម្នាក់បាននិយាយថា «នេះជាការវាយប្រហារដ៏ឈឺចាប់មួយ»។ ម្នាក់ទៀតបាននិយាយថា អ្វីៗនឹងឡើងកម្ដៅឥឡូវនេះ។
គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់យុទ្ធជនហេសបូឡាជាង ១៣០នាក់មកហើយ ចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែកឆ្លងព្រំដែន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ នៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។
ចំណែក ១៩នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងប្រទេសស៊ីរី។
អគ្គលេខាធិការក្រុមហេសបូឡា លោក Hassan Nasrallah បានព្រមានអ៊ីស្រាអែល នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចំនួនពីរលើកកាលពីសប្តាហ៍មុន ប្រឆាំងនឹងការចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំលើប្រទេសលីបង់។
លោក Nasrallah បាននិយាយដូច្នេះថា អ្នកណាដែលគិតអំពីសង្រ្គាមជាមួយពួកយើង នឹងស្តាយក្រោយ៕