សម្តេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​របស់ក្រសួងកិច្ចការនារី!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ មករា​ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកិច្ចការនារី”​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជារីករាយដែលបានអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារីនាពេលនេះ។
សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ស្ត្រីជាពិសេសក្នុងការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិដោយមានការចូលរួមពីស្ត្រីនោះ។

សម្តេចធិបតី បានមានប្រសាសន៍ថា សិទ្ធិសេរីភាពស្ត្រីត្រូវតែលើកតម្កើង តែមិនត្រូវឱ្យហួសព្រំដែននោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។ សម្ដេចបន្តថា ចំពោះអ្នកដែលធ្វើសកម្មភាពផ្សព្វផ្សាយផលិតផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។
សម្ដេចធិបតី ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រសួងកិច្ចការនារីអោយបន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះ ត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានបង្ហាញពីការភ្ញាក់ផ្អើលខ្លាំងក្រោយឃើញយុវតីវ័យក្មេងជំនាន់ក្រោយនាពេលបច្ចុប្បន្នជាច្រើននាក់កំពុងសិក្សាជំនាញផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។

សម្ដេចក៏បានណែនាំដល់ក្រសួងមហាផ្ទៃ ពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីជាអភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំក្នុងប្រទេសកម្ពុជា។
សម្តេចបានបន្តថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ថែមទៀតដល់តួនាទីស្ត្រីក្នុងសង្គម និងតាមក្រសួងស្ថាប័ននានា។ សម្តេចក៏បានណែនាំឲ្យក្រសួងកិច្ចការនារីបន្តទប់ស្កាត់អំពើហិង្សាដល់ស្រ្តី និងកុមារឲ្យបានសកម្មបន្ថែមទៀត។

សម្តេចក៏បានអោយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និងសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្ត ទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួម របស់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការអប់រំ ចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈច្នៃប្រតិដ្ឋ និង គណិតវិទ្យា (STEAM) ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល។

ដើម្បីលើកកម្ពស់តុល្យភាពជីវិត និងការងារ (Work-Life Balance), ក្រសួងកិច្ចការ នារីត្រូវយកចិត្តទុកដាក់ និងធ្វើការសិក្សាដោយសហការជាមួយដៃគូរដ្ឋ និង ឯកជន លើអត្ថប្រយោជន៍សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី និង ផ្ដល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី ។

សម្តេចធិបតីក៏បានថ្លែងថា ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងសុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម, តម្លៃស្ត្រី និង គ្រួសារខ្មែរ, ពង្រឹងការអនុវត្តផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និង ចាត់វិធានការទប់ស្កាត់ និង កាត់ បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី និង ក្មេងស្រី ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និងវិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប, ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និងភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្តេចធិបតីក៏បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និង ដៃគូពាក់ព័ន្ធ ក្នុងការ បញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និង គោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុកការលើកកម្ពស់សមភាពេយនឌ័រ ជាអភិក្រមអាទិភាពស្នួល និងអន្តរវិស័យ។

នាឱកាស នៃការបិទសន្និបាតក្រសួងកិច្ចការនារីនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយស បំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃមួយចំនួន នៃក្រសួងកិច្ចការនារីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version