(តាកែវ)៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញធ្វើកំណត់ហេតុតេស្តបឋមថ្លឹង និងវេចខ្ចប់ សារធាតុញៀន នៅចំពោះមុខជនសង្ស័យ កាលកពីវេលាម៉ោង៩:៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ដែលកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាបបានចំនួន ៣,៩៥០,២៤g នៅភូមិ សង្កែ ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្ត តាកែវ។
ការធ្វើតេស្តនេះ មានការសម្របសម្រួលនីតិវិធី និងចូលរួមផ្ទាល់ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ដែលមានការចូលរួមពីក្រុមអ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ៩:៣០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ បានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន ដូចនេះលោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ និងដោយការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងជំនាញ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ កម្លាំងមូលដ្ឋានស្រុកសំរោង កម្លាំងមូលដ្ឋានស្រុកបាទី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ លទ្ធផលៈ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ និងហូតវត្ថុតាងបាន៖ ថ្នាំញៀន ទម្ងន់ ២០៨.៣៥g , ជញ្ជីងថ្លឹងថ្នាំញៀន០១ ,ឧប្បករណ៍ចូកថ្នាំញៀន០១ , ក្រដាស់វេរលុយវីង០២ , សម្ភារសេពគ្រឿងញៀនមួយចំនួន , ម៉ូតូមួយគ្រឿង ម៉ាក អឹមស្លាស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1TL 3712។
ភ្លាមៗជនសង្ស័យ មិនព្រមសារភាព និងមិនព្រមសហការជាមួយកម្លាំងជំនាញ រហូតដល់ម៉ោង១១:០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យបានយល់ព្រមសារភាព និងព្រមចង្អុលបង្ហាញទីតាំង មេក្លោង ទើបកម្លាំងជំនាញសុំគោលការណ៍ពីឯកឧត្តមព្រះរាជអជ្ញា អមសាលាដំបូងខេត្តតាកែវ ដើម្បីសម្របសម្រួលនីតិវិធី។
លុះវេលាម៉ោង១៤.០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបន្ត ទៅធ្វើការឆែកឆេរ លំនៅឋានមុខសញ្ញាមេខ្លោងឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ២៩ឆ្នាំ (រត់គេចខ្លួន) នៅភូមិខ្សាច់លុប(ជើងភ្នំតាម៉ៅ) ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លទ្ធផល៖ដកហូតវត្ថុតាងជាថ្នាំញៀន ០៣ថង់ធំ ទម្ងន់ ៣.០០៥.៥៥gចំនួន(កប់ដី) និង១៥កញ្ចប់តូច ទម្ងន់ ៧៣៦.៣៥g(ដាក់ក្នុងធុងបាស)។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ឆែម ជាតិ និងវត្ថុតាងទាំងអស់ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ចំណែកជនសង្ស័យឈ្មោះ ស សុងឃៀង ដែលកំពុងគេចខ្លួន ជំនាញនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕