បុគ្គលិកអាជ្ញាធរអប្សរា ដែលប្រើហិង្សាលើកុមារ បានត្រឹមទទួលវិន័យ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ហិង្សា!

(សៀមរាប)៖ អាជ្ញាធរអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងវីដេអូ បង្ហាញពីការធ្វើអំពើហិង្សា លើកុមារ ដោយដាក់វិន័យរដ្ឋបាល និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការប្រើប្រាស់ហិង្សា ដោយត្រូវសុំទោសឪពុកម្តាយនិងកុមាររងគ្រោះ ដោយផ្ទាល់…!។

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។
គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សា របស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖
១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។

តាមរយៈនេះ អាជ្ញាធរ ជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ នាពេលអនាគត។

ក្នុងករណី មិនរាងចាល នឹងត្រូវបណ្តេញចេញពីការងារ និងទទួលរងទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមាន នានា។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។
Advertisements

២- ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្នាំ នៃអាជ្ញាធរជាតិអប្សរា ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។

៣- អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ដែលមានជាធរមានក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

៤- ដោយឡែក អាជ្ញាធរជាតិអប្សរា សូមអំពាវនាវសាជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ទនានា នៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមាន ប្រភពដើមនៅទីនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version