អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) ដែលមានទោសជាប់ពន្ធនាគារ ។
ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅ ក្នុងមន្ទីរពេទ្យ ដើម្បីទទួលការតាមដាន និងព្យាបាលស្ថានភាពជំងឺ។
នាយកដ្ឋានអប់រំកែប្រែនៃប្រទេសថៃ បានប្រកាសពីដំណឹងដូចខាងលើ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោមហេតុផល នៃភាពចាំបាច់ក្នុងការបន្តតាមដានឱ្យដិតដល់ ចំពោះសុខភាពរបស់លោក។
លោក Thaksin ដែលជាអ្នកនៅពីក្រោយគណបក្ស Pheu Thai ដែលជាគណបក្សកាន់អំណាចថៃបច្ចុប្បន្ន ។
បានសម្រាកព្យាបាលជំងឺ នៅពេទ្យ ចាប់តាំងតែពីរូបលោក បានវិលត្រឡប់ចូលស្រុកវិញ កាលពីខែសីហា ឆ្នាំ២០២៣ ។
ក្រោយរស់នៅនិរទេសខ្លួន ក្រៅប្រទេស អស់រយៈពេល១៥ឆ្នាំ បន្ទាប់លោកបានអះអាងថា មានបញ្ហាតឹងណែនដើមទ្រូង និងសម្ពាធឈាមឡើងខ្ពស់ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទៅដល់ពន្ធនាគារទីក្រុងបាងកក ។
ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ក្រោមបទល្មើសរំលោភអំណាច អំលុងពេលលោកនៅជានាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ថា លោក Thaksin វ័យ៧៤ឆ្នាំ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសថៃ ចាប់ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦។
ទោសជាប់ពន្ធនាគារ៨ឆ្នាំខាងលើ របស់លោក ត្រូវបានព្រះមហាក្សត្រថៃ ព្រះរាជទានបន្ធូរបន្ថយមកនៅត្រឹមរយៈពេល ១ឆ្នាំវិញ ។
ហើយរូបលោក នឹងមានសិទ្ធអាចស្នើសុំនៅក្រៅឃុំបានថែមទៀត នាអំលុងចុងខែកុម្ភៈ ខាងមុខនេះ៕