នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខ!

(ភ្នំពេញ)៖ ជំនួបរវាងបងប្អូនអ្នកសារព័ត៌មាននិងនាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទី០៦ នឹងត្រូវធ្វើឡើង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។
នេះបើយោងតាមការលើកឡើង របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១២.០១.២០២៤។

បើតាមលោក ទេព អស្នារិទ្ធ ជំនួបលើកនេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ចំថ្ងៃទិវាសេរីភាពសារព័ត៌មាន ពិភពលោក..!។

គួរម្លឹកថា កាលពីថ្ងៃទី០៩ ខែមករាកន្លងទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈរៀបចំពិធីជួបប្រជុំ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មានលើកទី០៦ឆ្នាំ ២០២៤។
លោក នេត្រ ភក្រ្ដា បានឱ្យដឹងកាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២៣កន្លងទៅថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ។
គឺជាការសម្រេចរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេច របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ។
ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។
គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួបជុំជាមួយអ្នកសារព័ត៌មានចំនួន០៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧មក ដោយយកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version