វៀតណាមនាំទូកធំៗ ចូលទិញដើមឈើ តាមព្រំដែនស្រុកកំពង់រោទិ៍ ជាង១ខែហើយ អាជ្ញាធរថាមិនបានដឹង!

(ស្វាយរៀង)៖ ក្រុមឈ្មួញវៀតណាម បាននាំទូកធំៗចូលមកប្រមូលទិញដើមឈើ នៅតាមព្រំដែនខ្មែរ នៅស្រុកកំពង់រោទិ៍ ជារៀងរាល់ថ្ងៃជាង១ខែមកហើយ តែអាជ្ញាធរមូលដ្ឋានឆ្លើយថា មិនដឹង!។
ករណីនេះប្រជាពលរដ្ឋ បានរាយការណ៍ពី ព្រែកនៃផ្លូវក្រវាត់ព្រំដែន ស្ថិតក្នុងភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ក្រុមវៀតណាមបានយកទូកធំៗ ចូលតាមព្រែកមកចតនៅកំពង់ជាប់ផ្លូវព្រំដែន។
ពួកគេបានប្រមូលទិញដើមឈើ តាមព្រំដែនដោយមាន មន្ត្រីនគរបាលការពារព្រំដែន ជួយសម្រួលឱ្យក្រុមវៀតណាម ដើរកាប់ឬយករណាយន្តកាត់ដើមឈើ។

ឈើទាំងនោះមានដូចជាដើមស្មាច់ ដើមអាកាស្យា ដើមត្រចៀកជ្រូក ដើមប្រេងខ្យល់ និងឈើចម្រុះដែលមានមុខកាត់ពី៣ទៅ៤តឹក ហើយលើកដាក់ទូកដឹកទៅប្រទេសគេតែម្តងដោយមិនធ្វើឱ្យសមត្ថកិច្ចខ្មែរលំបាកសួរនាំឡើយ។

ប្រភពដដែបានបន្តថា ដើមឈើដែលដុះតាមព្រំដែនទាំងនេះ ប្រសិនប្រជាពលរដ្ឋខ្មែរកាប់យកប្រើប្រាស់ ឬធ្វើអុសដុតត្រូវសមត្ថកិច្ចហាមឃាត់។
តែនៅពេលវៀតណាមគេមកទិញ កាប់ដាក់ទូកធំៗសមត្ថកិច្ចបែជាសម្រួល ឱ្យគេកាប់ហើយដឹកចេញយ៉ាងស្រួលទៅវិញ។

ពាក់ព័ន្ធករណីខាងលើលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បាននិយាយថា លោកមិនបានដឹងរឿងនេះទេ ចាំលោកឱ្យនគរបាលចុះទៅពិនិត្យ។
ចំណែកលោកវរសេនីយ៍ទោ ហែម សាមុត អធិការនគបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថា មានវៀតណាម ចូលមកប្រមូលទិញ ដើមឈើពិតប្រាកដមែន។
តែសមត្ថកិច្ចមិនអាចទប់ស្កាត់បានទេ ដោយបងប្អូនខ្មែរ និងវៀតណាម រស់នៅជិតខាងគ្នា តែងតែចេញចូលរកស៊ីទៅវិញទៅមក។

លោកអធិការបានបន្តថា ចំពោះដើមឈើនៅតាមព្រំដែន ប្រជាពលរដ្ឋជាអ្នកកាប់លក់ គឺកាប់នៅតាមចុងដីរបស់ពួកគាត់ សមត្ថកិច្ចមិនអាចប៉ះពាល់ ឬហាមគាត់បានទេ។
ចំពោះវៀតណាមយកទូកចូលមកព្រំដែន លោកឱ្យសួរទៅនគរបាលវរការពារព្រំដែន។
ចំពោះលោកវរសេនីយ៍ទោ យ៉ន សុផល ប្រធានវរការពារព្រំដែនគោក លេខ៦០៩ នគរបាលខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ។
សារព័ត៌មានយើងរង់ចាំទទួលការបកស្រាយពិស្តាពីលោកវរសេនីយ៍ទោ យ៉ន សុផល ប្រធានវរការពារព្រំដែនគោក និងផ្សាយជូននៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version