មន្ត្រីជំនាញជប៉ុន ចែករំលែកបទពិសោធន៍ វិស័យទឹកស្អាតដល់កម្ពុជា!

(ភ្នំពេញ)៖ ជប៉ុន បានចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខ ។
សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាតដល់អ្នកគ្រប់គ្រង និងប្រតិបត្តិករកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា។

​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបាន កំណត់វិស័យអាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះ ទឹក គឺត្រូវបានបង្កើនមកអាទិភាព លំដាប់ទី៣។

លើសពីនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានកំណត់ថា ត្រឹមឆ្នាំ២០៣០ សម្រេចការទទួលបានសាកលកម្ម និងសមធម៌នូវទឹក បរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ប្រជាជនទាំងអស់ ដែលមានន័យថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់ គ្នានៅត្រឹមឆ្នាំ២០៣០។

លោកបន្តថា ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ។

ប៉ុន្តែសេវានេះក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញ ការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទី ប្រជុំជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែងកិច្ចសហប្រតិបត្តិការជាមួយក្រុងគីតាឃ្យុស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស នៅក្រុងគីតាឃ្យុស៊ុ ។

ដែលកិច្ចសហប្រត្តិការនេះមានគោលបំណងជំរុញការអភិវឌ្ឍវិស័យ ទឹកស្អាតនៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាតតាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត ។

ដូច្នេះតាមរយៈសិក្ខាសាលានេះ សិក្ខាកាមត្រូវយកចិត្តទុកដាក់លើការចែករំលែកពីមិត្តជប៉ុន ដើម្បីទទួលបានចំណេះដឹង និងបទ ពិសោធន៍ថ្មីៗ ជាពិសេសបច្ចេកវិទ្យាថ្មីពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ទឹកស្អាតនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ទាក់ទិនទឹកស្អាតនេះ លោក តានិណៃ អ៊ុឈិតុម៉ុ ឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើង ថា កិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ របស់ប្រទេសជប៉ុនក្នុងវិស័យទឹកស្អាត ក្នុងឱកាសដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែ ធ្នូ ឆ្នាំ២០២៣ រួមជាមួយមានវត្តមាន លោក នាយករដ្ឋមន្រ្តី Kishida ចូលរួមនាពេលថ្មីៗនេះ កម្ពុជា-ជប៉ុនបានប្រារព្ធពិធីចុះហត្ថលេខាសម្រាប់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល នៅតំបន់ទីប្រជុំជន ។

បញ្ហានេះ នៅពេលអនាគត ការបន្តអភិវឌ្ឍប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុង នានា ក្រៅពីរាជធានីភ្នំពេញ គឺពិតជាមានសារៈសំខាន់ណាស់ បច្ចុប្បន្នប្រទេសជប៉ុនបានកំពុងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុងជាច្រើន តាមរយៈជំនួយ ODA ក្នុងនោះគម្រោងនៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ កាលពី ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version