នាវាមុជទឹក អាមេរិក បានទៅដល់ឈូងសមុទ្រពែក្ស ដែលកំពុងប្រឈមមុខជាមួយអ៊ីរ៉ង់!

មន្ទីរបញ្ចកោណ បានដាក់ពង្រាយនាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ USS Florida ទៅកាន់តំបន់ឈូងសមុទ្រពែក្ស ។
ខណៈដែលសហរដ្ឋអាមេរិក បង្ហាញកម្លាំងដើម្បីរារាំងអ៊ីរ៉ង់ នេះបើយោងតាមមន្ត្រីការពារជាតិអាមេរិក។

សារព័ត៌មាន Bloomberg បានចុះផ្សាយទៀតថា ទោះបីជានាវាមុជទឹកថ្នាក់រដ្ឋ Florida ដើរដោយថាមនុយក្លេអ៊ែរក៏ពិតមែន ប៉ុន្តែវាមិនមានផ្ទុកអាវុធនុយក្លេអែរនោះទេ ។
ទោះយ៉ាងណា នាវាមុជទឹកមួយគ្រឿងនេះអាចមានសមត្ថភាពផ្ទុកកាំជ្រួចមីស៊ីល Tomahawk រហូតដល់ ១៥៤ គ្រាប់ ឬគ្រាប់មីស៊ីលរបស់កងទ័ពជើងទឹកដល់ទៅ ៦៦ គ្រាប់ ។

ទន្ទឹមនោះ ការបញ្ជូននាវាមុជទឹក Florida ទៅកាន់ឈូងសមុទ្រពែក្សនេះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ។
ក៏ទើបតែបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់រដ្ឋ Ohio ទៅកាន់មជ្ឈិមបូព៌ា ។

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយកាលពីថ្ងៃចន្ទថា ការបញ្ជូននាវាមុជទឹក Ohio របស់សហរដ្ឋអាមេរិកទៅកាន់មជ្ឈិមបូព៌ា ។
គឺដើម្បីធានាសុវត្ថិភារបស់កងកម្លាំងអាមេរិកនៅតំបន់ដ៏រសើបមួយនេះ ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនក៏កំពុងបែកផ្កាភ្លើងខ្លាំងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក Pat Ryder ធ្លាប់បាន​លើកឡើងកាលពីចុងខែតុលាថា សហរដ្ឋអាមេរិកក៏នឹងបញ្ជូនកម្លាំងទ័ពប្រមាណ ៣០០ នាក់ទៅកាន់មជ្ឈិមបូព៌ាផងដែរ ។
ប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់ថា កងទ័ពទាំងនោះនឹងត្រូវដាក់ពង្រាយនៅទីកន្លែងណាឡើយ ដោយគ្រាន់តែបង្ហើបថា គឺមិនមែននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version