រដ្ឋមន្ត្រីក្រសួងការពារជាតិស្លូវ៉ាគី លោក Robert Kaliniak បានជូនដំណឹងដល់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា ប្រទេសរបស់លោក នឹងលែងផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ អ៊ុយក្រែនទៀតហើយ។
ក្រសួងការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថា “លោករដ្ឋមន្ត្រី Kaliniak បានជួបជាមួយអគ្គលេខាធិការណាតូលោក Stoltenberg ។
ដើម្បីជូនដំណឹងអំពីការបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន ដែលបានយកចេញពីឃ្លាំងនៃកងកម្លាំងប្រដាប់អាវុធស្លូវ៉ាគី”។
ទោះបីជាយ៉ាងណា ស្លូវ៉ាគី នៅតែបន្តផ្តល់ឲ្យអ៊ុយក្រែននូវជំនួយមនុស្សធម៌ និងជំនួយបច្ចេកទេសដដែល ពោលគឺឈប់ផ្តល់តែជំនួយយោធាប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងជំនួយយោធានេះដែរ ប្រទេសបារាំងក៏ទើបតែប្រកាសឲ្យអ៊ុយក្រែន ត្រូវចំណាយលុយទិញអាវុធវិញ ដោយឈប់បញ្ជូនទៅទទេៗហើយផងដែរ ។
រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបារាំង លោក Sebastien Lecornu បាននិយាយកាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកាថា រដ្ឋាភិបាលទីក្រុងប៉ារីស គ្រោងបញ្ឈប់ការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនពីឃ្លាំងរបស់ខ្លួនទៀតហើយ ហើយជំនួសមកវិញ នឹងឲ្យទីក្រុងកៀវ ទិញអាវុធដោយផ្ទាល់ពីក្រុមហ៊ុនផលិតរបស់ប្រទេសនេះ តាមរយៈមូលនិធិគាំទ្រ។
មន្ត្រីខាងលើបាននិយាយក្នុងបទសម្ភាស ជាមួយទូរទស្សន៍ LCI ថា “ឥឡូវនេះ យើងកំពុងចរចាជាមួយសហការីអ៊ុយក្រែនរបស់យើង ។
ដើម្បីជំរុញឲ្យពួកគេទិញកាំភ្លើងធំថ្មី ដោយប្រើប្រាក់ពីមូលនិធិពិសេស ដូច្នេះយោធាបារាំងនឹងលែងមានការបញ្ជូនកាំភ្លើង ចេញពីឃ្លាំងរបស់ខ្លួនទៀតហើយ”។
លោក Lecornu កត់សម្គាល់ថា គិតត្រឹមពេលនេះ ជំនួយយោធាបារាំងដែលផ្ដល់ឲ្យអ៊ុយក្រែន បានឈានដល់ ៣.២ ពាន់លានអឺរ៉ូ (៣.៤ ពាន់លានដុល្លារ) រួចទៅហើយ ។
ចំនួននេះ ធ្វើឲ្យបារាំងស្ថិតក្នុងចំណោមអ្នកគាំទ្រធំៗរបស់អ៊ុយក្រែននៅអឺរ៉ុប រួមជាមួយអាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕