Update៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៤នាក់ ក្រោយរកឃើញថាបានលួចធ្វើការឱ្យប្រទេសអ៊ីស្រាអែល!

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ (IRNA), នៅថ្ងៃចន្ទទី២៩ខែមករា គឺទីក្រុងតេហេរ៉ង់ បានប្រហារជីវិតមនុស្សចំនួន៤នាក់ ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មអ៊ីស្រាអែល។

ការប្រហារជីវិតនេះកើតឡើង បន្ទាប់ពីតុលាការកំពូល សម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍ របស់អ្នកទាំងបួន។

តាមការចោទប្រកាន់ ជនជាប់ចោទបានចូលទឹកដីអ៊ីរ៉ង់ដោយខុសច្បាប់ តាមច្រកពីតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់បែកក្នុងរោងចក្រផលិតគ្រឿងសឹកសម្រាប់ក្រសួងការពារជាតិអ៊ីរ៉ង់ នៅទីក្រុង Isfahan។

យោងតាមសេចក្តីរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការរបស់ពួកគេ គ្រោងធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២២ ជំនួសមុខឲ្យភ្នាក់ងារ Mossad របស់អ៊ីស្រាអែល ប៉ុន្តែត្រូវចារកម្មអ៊ីរ៉ង់ រារាំងទាន់ពេល។

ជាការពិតណាស់ អ៊ីរ៉ង់ និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមគ្នាយូរមកហើយ ហើយបច្ចុប្បន្នកំពុងរកាំរកូសគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៀតផង។

អ៊ីស្រាអែល ថែមទាំង​ចោទ​អ៊ីរ៉ង់ទៀតថា​ បានគាំទ្រ​ការ​វាយ​ប្រហារ​របស់​ក្រុម​សកម្មប្រយុទ្ធ​ប្រឆាំង​នឹង​ខ្លួន ខណៈ​អ៊ីរ៉ង់​និយាយ​ថា អ៊ីស្រាអែល​ ក៏សម្លាប់​មន្ត្រី និង​អ្នក​វិទ្យាសាស្ត្រ​អ៊ីរ៉ង់​ជា​ច្រើន​នាក់មកហើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version