មេដឹកនាំហុងកុង នឹងរឹតបន្តឹងច្បាប់សន្តិសុខថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ!

មេដឹកនាំ​ហុងកុង​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ ពី​ចេតនា​របស់​លោក​ ក្នុង​ការ​រឹតបន្តឹង​ច្បាប់​សន្តិសុខ​ជាតិ​ ដើម្បី​កសាង​លើ​ច្បាប់​ដ៏​ធំ​ដែល​ចិន​បាន​ដាក់​ក្នុង​ឆ្នាំ ២០២០ ដោយ​និយាយ​ថា​ទីក្រុង​នេះ «​មិន​អាច​រង់ចាំ​បាន​ឡើយ​»​។

លោក Lee និយាយថា រដ្ឋបាលហុងកុងនឹងព្យាយាមអនុម័តច្បាប់នេះ «ឲ្យឆាប់តាមដែលអាចធ្វើទៅបាន» ប៉ុន្តែមិនបានបញ្ជាក់អំពី កាលបរិច្ឆេទសម្រាប់អនុម័តទេ។
ដោយពណ៌នាថា វាជាទំនួលខុសត្រូវផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៧ ស្តីពីការប្រគល់ឲ្យ ចិនពីអាណានិគមអង់គ្លេស លោក Lee បានគូសបញ្ជាក់ថា «ហេតុអ្វីបានជាត្រូវធ្វើពេលនេះ? យើងមិនអាចរង់ចាំបានទេ ខ្ញុំធ្លាប់និយាយច្បាស់ហើយ ថាយើងមិនអាចបង្អង់យូរឡើយ។ វាមានរយៈពេល ២៦ឆ្នាំហើយដែលយើងបានរង់ចាំ ដូច្នេះយើងមិនអាចចាំទៀតបានទេ»។

ដោយនិយាយថា ភ្នាក់ងារបរទេសមួយចំនួនអាចនៅតែធ្វើសកម្មភាព នៅហុងកុង លោក Lee បន្ថែមថា «ខណៈដែលយើង សង្គមរបស់យើងទាំងមូល មើលទៅស្ងប់សុខ និងមានសុវត្ថិភាព យើងនៅតែត្រូវប្រុងប្រយ័ត្ន ចំពោះ ហានិភ័យនៃការបំផ្លិចបំផ្លាញ និងក្រុមបង្កបញ្ហា។ សេរីភាពនឹងត្រូវបានការពារ ហើយច្បាប់នឹងបំពេញតាមស្តង់ដារអន្តរជាតិ»។

គួរបញ្ជាក់ថា ឯកសារពិគ្រោះយោបល់ចំនួន ១១០ទំព័រ នឹងត្រូវដាក់ជូនក្រុមប្រឹក្សានីតិប្បញ្ញត្តិ នៅល្ងាចថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)ហើយការពិគ្រោះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ។ ឯកសារនេះបង្ហាញអំពីតម្រូវការឲ្យមានច្បាប់ថ្មី ដែលគ្របដណ្តប់លើការលួចយក ឯកសារសម្ងាត់ ចារកម្ម អំពើក្បត់ជាតិ ការបះបោរ និងបំផ្លិចបំផ្លាញ រួមទាំងការប្រើប្រាស់កុំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version