សម្ដេចធិបតី បញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជននៅព្រះសីហនុ និងហាមបើកថ្មី!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាដាច់ខាតមិនឲ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជននៅក្នុងខេត្តព្រះសីហនុនោះទេ ។
ខណៈកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ សម្ដេចបានសម្រេចឱ្យចេញសេចក្ដីជូនដំណឹង ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមិនឲ្យអនុញ្ញាតបើកក្លឹបបាញ់ស៊ីបឯកជន នៅក្នុងប្រទេសកម្ពុជា បន្តទៀតឡើយ។

សម្ដេចធិបតី បានដាក់ចេញនូវ បទបញ្ជាបែបនេះក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាឱ្យបិទទីតាំងជួលបាញ់កាំភ្លើងក្នុងខេត្តព្រះសីហនុ ហើយមិនអនុញ្ញាតឱ្យមានការបើកទៀតឡើយ។ សម្តេចធិបតីបានថ្លែងថា អ្នកមកលេងខេត្តព្រះសីហនុ មិនបាច់មកហាត់បាញ់កាំភ្លើងនោះទេ។
ចំណែកទីតាំងកងទ័ពដែលមានទីលានបាញ់កាំភ្លើង សម្ដេចធិបតី ក៏បានបញ្ជាឱ្យបញ្ឈប់ការអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជនផងដែរ។

សូមជម្រាបថា ការបញ្ជាឱ្យបិទទីតាំងបាញ់កាំភ្លើងឯកជននេះ ក៏ជាយន្តការបន្ថែមទៀតរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ដើម្បីរក្សាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំ ស.ជ.ណ ដើម្បីបញ្ឈប់ឱ្យមានការបើកកន្លែងបាញ់ស៊ីបឯកជន នៅទូទាំងប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version