Update៖ អ្នកនាំពាក្យថ្លែងថា ការឃាត់ខ្លួនមន្ត្រីអាវុធហត្ថ នៅខេត្តក្រចេះ ពុំមែនធ្វើតាមអារម្មណ៍នោះទេ!

(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានចេញប្រកាសព័ត៌មានឆ្លើយតបនឹងការលើកឡើង តាមបណ្តាញសង្គម។
ពាក់ព័ន្ធការឃាត់ខ្លួនមន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ ដែលបាញ់សត្វស្លាប(កុក)។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា កងរាជអាវុធហត្ថបានធ្វើការឆ្លើយតបផ្សព្វផ្សាយជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីឈ្មោះ កង សុផាណារ័ត្ន ឋានន្តរសក្តិអនុសេនីយ៍ត្រី មុខងារជំនួយការកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

ដោយមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការឆ្លើយតបតាមទិដ្ឋភាពច្បាប់ លិខិតបទ ដ្ឋាន គតិយុត្ត និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាបថា៖

ទី1 រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើនិងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។ ការឃាត់ខ្លួនឈ្មោះ កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងក្រមនីតិវិធីព្រហ្មទណ្ឌ«មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គម ឬខ្លាចដោយមិនមានការទទួលខុសត្រូវនោះទេ»។

2 ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ត្រូវតែជាគំរូក្នុងការគោរពច្បាប់ បើប្រព្រឹត្តអំពើល្មើស ត្រូវតែអនុវត្តតាមច្បាប់។
ហើយអ្នកដែលមានសិទ្ធិអំណាចចោទប្រកាន់មានតែតំណាងអយ្យ ការ ប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងក្តីព្រហ្មទណ្ឌឥតចាត់ការបាន ឡើយ។

3 លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោកជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមក គឺ ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប។
យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្ត្រជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់។

4 យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ខ្ពស់ទាំងការហូប ការស្នាក់នៅ ការស្លៀកពាក់ពីក្បាលដល់ចុងជើង ការថែទាំ ព្យាបាលជំងឺ និងគោលនយោបាយដោះស្រាយទុក្ខលំបាក ដោយមានមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាការចូលបុណ្យ។
ដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់គ្រួសាររបស់យោធិននៃកងរាជអាវុធហត្ថដែលពលី មរណៈ ក្នុងនោះថវិកាចូលបុណ្យរបស់លោកនាយឧត្តមសេនីយ៍ ក្នុងមួយសពចំនួន ៥.០០០.០០០រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version