Update៖ លោក ហ្សេលេនស្គី ទៅសួរសុខទុក្ខកងទ័ពជួរមុខ ចំពេលមានការរិៈគន់ទៅលើឧត្តមសេនីយ៍ម្នាក់!

ការិយាល័យរបស់ លោកបាននិយាយកាលពីថ្ងៃអាទិត្យ (ទី 4 ខែកុម្ភៈ) ចំពេលមានការរំពឹងទុកយ៉ាងខ្លាំងថា មេទ័ពដ៏មានប្រជាប្រិយរបស់លោក អាចនឹងត្រូវបណ្តេញចេញពីតំណែង ក្នុងពេលឆាប់ៗនេះ។

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានទៅទស្សនាតំបន់ Zaporizhzhya ថា «វាជាកិត្តិយសណាស់ ដែលបាននៅទីនេះនៅថ្ងៃនេះដើម្បីគាំទ្រ និងផ្តល់រង្វាន់ដល់អ្នកចម្បាំង។
ពួកគេប្រឈមមុខនឹងបេសកកម្មដ៏លំបាក និងសំខាន់ដើម្បីវាយបកសត្រូវ និងការពារអ៊ុយក្រែន»។

ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានត្រួតពិនិត្យទីតាំងខាងមុខ របស់កងទ័ពអ៊ុយក្រែន នៅជិតភូមិ Robotyne ដែលស្ទើរតែនៅលើសមរភូមិ។
ភាគអាគ្នេយ៍នៃភូមិនេះ ត្រូវបានរំដោះកាលពីចុងខែសីហា ក្នុងការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ទៅកាន់​សមរភូមិ​ជួរមុខ​នេះ កើតឡើង​ចំពេល​មាន​ភាព​មិន​ប្រាកដប្រជា​អំពី​ជោគវាសនា​របស់​មេទ័ព លោក Valeriy Zaluzhnyi។

ប្រភពពីរបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងដល់សេតវិមាន អំពីផែនការបណ្តេញមេបញ្ជាការយោធាកំពូលរបស់ប្រទេស ដែលមើលការខុសត្រូវលើសង្គ្រាមប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់រុស្ស៊ី។

ទង្វើនេះគឺជាការប៉ុនប៉ង បណ្តេញ លោក Zaluzhny ដែលត្រូវបានគេនិយាយថា បានប៉ះទង្គិចជាមួយ លោក Zelensky លើបញ្ហាជាច្រើន ។
បន្ទាប់ពីអ៊ុយក្រែន បានបើកការវាយលុកកាលពីឆ្នាំមុន ដែលបរាជ័យក្នុងការដណ្តើមយកទឹកដីភាគច្រើន ដែលគ្រប់គ្រងដោយរុស្ស៊ីមកវិញ។

លោក Zaluzhny ដែលត្រូវបានគេស្គាល់ថាជា «ឧត្តមសេនីយ៍ដែក» មានប្រជាប្រិយភាពយ៉ាងខ្លាំង។
ការបណ្តេញចេញរបស់គាត់ អាចនឹងធ្វើឱ្យខូចសីលធម៌ក្នុងចំណោមកងកម្លាំងអ៊ុយក្រែន ។
ដែលកំពុងប្រយុទ្ធដើម្បីកាន់កាប់ទីតាំងនៅតាមបណ្តោយជួរមុខជាង ១,០០០គីឡូម៉ែត្រ ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏ធំដែលប្រដាប់ដោយឃ្លាំងស្តុកគ្រាប់រំសេវ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version