ព្រោះតែជីវភាពក្រីក្រ បុរសម្នាក់ដើរបេះបន្លែនៅតំបន់ព្រំដែន ជាន់មីនផ្ទុះដាច់ជើងទាំង២!

(បន្ទាយមានជ័យ)៖ ថ្ងៃចូលឆ្នាំចិនវៀតណាម បុរសម្នាក់ព្រោះតែជីវភាពក្រីក្រ បានដើរបេះបន្លែនៅតំបន់ព្រំដែន ស្រាប់តែចៃដន្យជាន់មីនសល់ពីសម័យ សង្គ្រាមផ្ទុះដាច់ជើងទាំង២យ៉ាងអាណោចអាធ័មបំផុត..!។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ កំសត់ អាយុ៣៥ឆ្នាំ បានដើរចូលក្នុងព្រៃរកបេះបន្លែ ដើម្បីយកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ប៉ុន្តែជាអកុសលក៏ជួបគ្រោះថ្នាក់ ដោយដើរជាន់ចំគ្រាប់មីនប្រភេទK 59 បន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះដាច់ជើងទាំង២។ ភ្លាមៗអ្នកភូមិ និងយោធាប្រចាំការជិតនោះ បានជួយដឹកអ្នករងរបួស ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះ ។

កន្លងមកសមត្ថកិច្ចបានអំពាវនាវដល់ ប្រជាពលរដ្ឋសូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ។
មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់ពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះដើម្បីយកទៅកម្ទេចចោល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version