រយ:ពេល៣ថ្ងៃចូលឆ្នាំចិននេះ គ្រោះថ្នាក់ចរាចរណ៍​ បានផ្ដាច់ជីវិតមនុស្ស២៣នាក់ នឹងរបួស៤១នាក់!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។
អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។

ជាការកត់សម្គាល់ លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ថ្ងៃទី១១ ជាថ្ងៃទី១ កើតគ្រោះថ្នាក់ច្រើនជាងគេ មានចំនួន១៤ករណី បណ្ដាលឱ្យស្លាប់ចំនួន៩នាក់ និងរបួស២៤នាក់។ បន្ទាប់មក នៅថ្ងៃទី១០ ជាថ្ងៃកណ្ដាល មានអ្នកស្លាប់ចំនួន៨នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុប១០ករណី។ ចំណែកថ្ងៃទី៩ ជាថ្ងៃដំបូង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី ស្លាប់៦នាក់ និងរបួស១១នាក់។

អ្នកនាំពាក្យរងបន្តទៀតថា បញ្ហាចរាចរណ៍នៅតែជាកង្វល់ ដែលត្រូវពង្រឹងច្បាប់មិនអាចដើរថយក្រោយ។ លោកថា បញ្ហានេះជារបៀបវារៈអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦(បញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាបទល្មើសព្រហ្មទណ្ឌនានា ករណីក្មេងទំនើង ការជួញដូរមនុស្ស និងបញ្ហានានាតាមបន្ទាត់ព្រំដែនទាំងគោកនិងទឹក) របស់ក្រសួងមហាផ្ទៃ។ ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ជាពិសេសការត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់។

លោក ទូច សុឃៈ (សុខៈ) បានលើកឡើងអំពីប្រសាសន៍របស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ពោលគឺ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី តែងបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ជាពិសេសកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ក្នុងនោះសម្រាប់មូលដ្ឋានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនកាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ នេះ ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បន្តយកចិត្តទុកលើការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹង ការបិទកញ្ចក់ពណ៌លើកញ្ចក់រថយន្តធំ ការរត់គេចខ្លួនក្រោយពេលបង្កគ្រោះថ្នាក់ និងបណ្តាករណីល្មើសបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់ ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការលើកលែង ជាពិសេស ត្រូវឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង។

នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩%៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version