UNព្រមានថា ការវាយលុករបស់អ៊ីស្រាអែល លើទីក្រុងRafah នឹងក្លាយជាការសម្លាប់រង្គាល!

ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ លោក Martin Griffiths បានចេញមុខព្រមានខ្លាំងៗថា ការវាយលុករបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា អាចឈានទៅដល់ “ការសម្លាប់មនុស្សដ៏រង្គាលមួយ”។

លោកនិយាយថា តំបន់ហ្គាហ្សា បានទទួលរងការវាយលុកយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅ ។
ដែលគ្មានអ្វីប្រៀបផ្ទឹមបានហើយ ផលវិបាក នៃការលុកលុយនៅ Rafah នឹងក្លាយជា “មហន្តរាយ”។

នៅក្នុងសេចក្តីថ្លែងការណ៍ប្រើពាក្យសម្តីខ្លាំងៗ លោក Griffiths សង្កត់ធ្ងន់ថា មនុស្សជាងមួយលាននាក់ ត្រូវគេខ្ទប់ជាប់នៅ Rafah ដោយមើលឃើញសេចក្តីស្លាប់នៅនឹងមុខ។
ជន​ស៊ីវិល​នៅទីនោះ ​មាន​អាហារ​តិច​តួចណាស់ ហើយសឹងតែគ្មាន​ថ្នាំ​សង្កូវ។
ពួកគេគ្មានកន្លែងសុវត្ថិភាពណា ដែលអាចទៅបាននោះទេ។
ដូច្នេះហើយ ការលុកលុយរបស់អ៊ីស្រាអែលលើទីក្រុងនេះ ​នឹងបណ្តាលឲ្យប្រតិបត្តិការមនុស្សធម៌ដែលផុយស្រួយរួចទៅហើយនោះ ធ្លាក់ចូលមាត់ទ្វារមរណៈ។

ការព្រមានរបស់លោក Griffiths កើតឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ​ប្តេជ្ញា​កម្ចាត់​ខ្មាន់កាំភ្លើង​ក្រុមហាម៉ាស ដែល​លោកអះអាងថា កំពុងសំងំ​លាក់ខ្លួន​នៅក្នុង​ទីក្រុងនេះ។

Rafah គឺជាទីក្រុងតូចមួយនៅភាគខាងត្បូងជ្រោយហ្គាហ្សា ជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ មុនពេលសង្រ្គាមផ្ទុះឡើង ទីនោះមានមនុស្សរស់នៅប្រហែល២៥០.០០០នាក់ ប៉ុន្តែចាប់តាំងពីអ៊ីស្រាអែល ។
បញ្ជាឲ្យជនស៊ីវិលជម្លៀសទៅភាគខាងត្បូងមក ចំនួនប្រជាជនរបស់ខ្លួនបានកើនឡើងដល់១.៥លាននាក់។

មនុស្សជាច្រើនកំពុងរស់នៅក្នុងតង់ជាមួយភាពអស់សង្ឃឹម ហើយនិយាយថា ពួកគេមិនដឹងថាទៅកន្លែងណាទៀតទេ។
ទីក្រុង Rafah បានស្ថិតរងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ហើយបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា មនុស្ស៦៧នាក់ ត្រូវសម្លាប់នៅទីនោះ កាលពីថ្ងៃចន្ទទី១២ ខែកុម្ភៈ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version