ផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់ ក្រោយផលិតវីដេអូ នៃការជួញដូរមនុស្សធ្វើទារុណកម្ម.ចាប់រំលោភ!

(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានសម្រេចផ្ដន្ទាទោសជនជាតិតៃវ៉ាន់២នាក់។
ក្រោយពួកគេចូលមកប្រទេសកម្ពុជា ក្នុងគោលបំណង«ផលិតវីដេអូ បំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស»។
-នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់សាលាជំបូង និងអយ្យការអម សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
-អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានលើកឡើងថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ។
បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន (តៃវ៉ាន់)។

បុគ្គលទាំងពីរ នាក់នេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។

ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញពីទីតាំងម្តុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។
ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែកឱ្យគេជួយ។

ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ទៅសាលាដំបូងខេត្តព្រះសីហនុ ។
ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការ បង្ហាញខ្លួនភ្លាម ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ដើម្បីជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤ “ឋ” ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្ដន្ទាទោសឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LUTSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។
-តុលាការខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួនពីរនាក់ ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version