ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែងជាង ៨០០ម៉ែត្រ។
-ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាជាប្រភេទស្ពាន ដែលអនុញ្ញាតឱ្យរថយន្តបើកឆ្លងកាត់ចំនួន ២ ខ្សែទៅ ២ ខ្សែមក។

សម្ដេចធិបតី បញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។

សម្ដេចធិបតី ថ្លែងថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្ដេចធិបតី បញ្ជាក់ថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា គម្រោងសាងសង់ស្ពានពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាងគេនៅខេត្តក្រចេះ ពេលនេះកំពុងសិក្សាដើម្បីឈានទៅធ្វើការសាងសង់នាពេលខាងមុខ។

សម្ដេចធិបតី ស្ពានដែលឆ្លងកាត់ទន្លេធំៗនៅកម្ពុជា មាន ១៩ បានសាងសង់រួច, ៣ កំពុងធ្វើ និង ៣ ទៀតកំពុងសិក្សាសាងសង់។

សម្ដេចធិបតី ថ្លែងថា ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។

សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។

សម្ដេចធិបតី បញ្ជាក់ថា បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។

សម្ដេចធិបតី កន្លងមក ចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។

សម្ដេចធិបតី ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ)នៅកម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនាពេលខាងមុខ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និង​កិត្តិយស​កម្ពុជា តាមរយៈការផលិតវីដូ ចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត។

សម្ដេចធិបតី ព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។

សម្ដេចធិបតី បានព្រមានដល់ពលរដ្ឋនៅប្រទេសផ្សេងទៀត ដែលមានបំណងចង់យកកម្ពុជា ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិត ថែមទៀត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។
សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។

សម្ដេចធិបតី ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។

សម្ដេចធិបតី ស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។

សម្ដេចធិបតី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version