សមាគមសិល្បករខ្មែរ ប្រតិកម្មនឹងលោក លាន អាហ្វ្រីគីនីន ដែលចោទថា សមាគម.បក្ខពួកនិយម.លេបលុយមូលនិធិ!

(ភ្នំពេញ)៖ ខណៈពេលកំពុងមានការ វែកញែក នៅលើបណ្ដាញសង្គម ពាក់ព័ន្ធ តួនាទីប្រធានសមាគមសិល្បករខ្មែរ។
ក្នុងនោះក៏មានមតិខ្លះ ចោទប្រកាន់ថា«សមាគមសិល្បករខ្មែរ បក្សពួកនិយម សមាគមអសកម្ម និងលេបលុយមូលនិធិ»។
-ឆ្លើយតបនិងការចោទប្រកាន់នេះ នៅថ្ងៃទី២៣.០២.២០២៤ សមាគមសិល្បករខ្មែរ បានចេញសេចក្ដីបំភ្លឺថា នៅមួយរយៈចុងក្រោយនេះ មានការបង្ហោះបង្ហោះវីដេអូ ឬសំណេរជាបន្តបន្ទាប់ ពីសំណាក់សិល្បករ និងមហាជនមួយ ចំនួន ជាពិសេស លោក លាន អាហ្វ្រីគីនីន និងលោក គួច ខេវិន ដោយចោទប្រកាន់ថា “សមាគមសិល្បករខ្មែរ បក្សពួកនិយម សមាគមអសកម្ម និងលេបលុយមូលនិធិ” ជាដើម។
សមាគមសិល្បករខ្មែរ សូមសម្តែងនូវការសោកស្តាយចំពោះការលើកឡើង ដោយគ្មានមូលដ្ឋានទាំងនេះ ដែលនាំឱ្យសាធារណៈមតិមានការភាន់ច្រឡំ និងសង្ស័យមកលើសមាគម។

សមាគមសូមបញ្ជាក់ជូន លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ក៏ដូចជាសាធារណៈជនឱ្យបានជ្រាបថា ក្នុង អាណត្តិទី៦នេះ សមាគមសិល្បករខ្មែរ បានខិតខំយ៉ាងខ្ជាប់ខ្ជួន ក្នុងការបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងន័យគាំពារដល់សិល្បករ ជាពិសេសិល្បករចាស់ជរា ពិការភាព មានជំងឺ និងទីទ័លក្រ។
សមាគមបានខិតខំអស់ពីសមត្ថភាព និងលទ្ធភាពក្នុងការគាំពារដល់ពួកគាត់ដោយមិនបានប្រកាន់និន្នាការ ឬមានបក្សពួក និយម ដូចការលើកឡើងរបស់លោកទាំងពីរនោះឡើយ។
ជាក់ស្តែងបច្ចុប្បន្ន មានសិល្បករចាស់ជរា ពិការភាព មានជំងឺ និងខ្វះ ខាតជីវភាព ជាច្រើន កំពុងទទួលបានការគាំពារផ្នែកជីវភាព ជាគ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងទៀងទាត់ជារៀងរាល់ខែ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។
សមាគមក៏បាន និងកំពុងផ្តល់សេវាជាច្រើន ជាផ្នែកនៃការគាំពារដល់សិល្បករ ក្នុងនោះក៏មាន សេវាផ្នែកផ្លូវច្បាប់ផងដែរ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចាប់តាំងដើមឆ្នាំ២០២០ រហូតមក ដល់បច្ចុប្បន្ន សមាគមបានខិតខំប្រើប្រាស់ថវិកាដោយប្រុងប្រយ័ត្ន និងចំគោលដៅជាទីបំផុត ។
ដើម្បីធានានិរន្តរភាពរបស់ សមាគម ក៏ដូចជាបន្តគាំពារដល់សិល្បករគ្រប់ទម្រង់ផងដែរ។
នេះជាការគិតគូរប្រកបដោយការទទួលខុសត្រូវចំពោះជីវភាព របស់សិល្បករ ជាពិសេសសិល្បករចាស់ជរា ពិការ មានជំងឺ និងជីវភាពខ្វះខាត។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូម លោក លាន អាហ្វ្រីគីនីន និង លោក គួច ខេវិន ព្រមទាំងសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។
ហើយដើម្បីឱ្យកាន់តែយល់ច្បាស់បន្ថែមទៀត ពីតម្លាភាព និងគណនេយ្យភាពនោះ សមាគមសូមគោរព អញ្ជើញលោកទាំងពីរ ក៏ដូចជាសិល្បករ សិល្បការិនី ឬសាធារណជនទូទៅ មកកាន់ស្នាក់ការសមាគមរៀងរាល់ម៉ោងធ្វើការ ដើម្បី ក្រុមការងារបានជម្រាបជូនព័ត៌មានបន្ថែម ឬពិនិត្យមើលរបាយការណ៍ចំណូលចំណាយជាក់ស្តែង ចៀសវាងការធ្វើអត្ថាធិប្បាយ ឬបង្ហោះសំណេរលើបណ្តាញសង្គម ។
ដោយគ្មានមូលដ្ឋានច្បាស់លាស់ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សមាគមបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version