Update៖ អ៊ុយក្រែន ប្រារព្ធខួប ២ឆ្នាំ នៃសង្រ្គាមឈ្លានពាន របស់រុស្ស៊ី!

ប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បានប្រារព្ធខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី។
ខណៈសង្រ្គាមបានឈានចូលដល់ឆ្នាំទី៣ ដែលអ៊ុយក្រែន កំពុងខ្វះខាតជំនួយអាវុធ ពីបណ្ដាប្រទេសលោកខាងលិច ។
ហើយរុស្ស៊ី កាន់តែមានទឹកចិត្តប្រយុទ្ធបន្ទាប់ ពីទទួលបានជ័យជម្នះមួយចំនួន នៅលើសមរភូមិ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបើកធ្វើសង្រ្គាមដែលលោកហៅថា ប្រតិបត្តិការយោធាពិសេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
មានមនុស្សជាច្រើនរំពឹងថាទីក្រុងមូស្គូ នឹងទទួលបានជ័យជម្នះក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែ អ៊ុយក្រែន បានតស៊ូប្រយុទ្ធទប់ទល់ រហូតដល់វាយឱ្យ កងទ័ពរុស្ស៊ីដកថយ។
ក៏ប៉ុន្តែ អ៊ុយក្រែនបានទទួលបរាជ័យនៅក្នុងប្រតិបត្តិការវាយបក ប្រឆាំងរុស្ស៊ី កាលពីឆ្នាំ២០២៣។
កងទ័ពរុស្ស៊ីអាចពង្រឹងខ្សែការពារយ៉ាងរឹងមាំបាន ក៏ដោយសារតែកំណើននៃការផលិតសព្វាវុធនៅក្នុងស្រុក និងការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួនដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង។
នេះបើតាម ក្រុមមន្ត្រីលោកខាងលិច។
អ៊ុយក្រែន វិញកំពុងប្រឈមមុខនឹងការខ្វះខាតទាំងកម្លាំងទ័ព និងអាវុធ ខណៈជំនួយយោធាពីសំណាក់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក កំពុងជាប់គាំងនៅក្នុងរដ្ឋសភាអាមេរិកនៅឡើយ។

ទោះជាយ៉ាងណា ខួប២ឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថាមេដឹកនាំអឺរ៉ុបក្នុងនោះរួមមានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន។
តែអ្វីដែលទីក្រុងកៀវ កំពុងទន្ទឹមរង់ចាំ នោះគឺកញ្ចប់ជំនួយយោធាថ្មី ៦០ពាន់លានដុល្លារ ដែលកំពុងជាប់គាំងក្នុងរដ្ឋសភា អាមេរិក ដ្បិតមានការជំទាស់ពីសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ។

ជាមួយគ្នានោះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានអំពាវនាវជាថ្មីផងដែរឱ្យសមាជិក រដ្ឋសភាសាធាណរដ្ឋយល់ព្រមអនុម័តលើកញ្ចប់ជំនួយយោធានេះ ជាមួយការព្រមានថាការបរាជ័យក្នុងការគាំទ្រអ៊ុយក្រែន ក្នុងកាលៈទេសៈដ៏សំខាន់នេះនឹងត្រូវ បានគេចងចាំទុកជានិច្ច។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៣ កាសែតអាមេរិក New York Times បានស្រង់សម្ដីមន្ត្រីអាមេរិកដោយឱ្យដឹងថាកងទ័ពអ៊ុយក្រែន ៧០,០០០នាក់ បានស្លាប់ និងប្រហែល ១០០,០០០ ដល់១២០,០០០នាក់បានរងរបួស។
ដោយឡែក ព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកដែលបានបែកធ្លាយកាលពីខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដែរថាកងទ័ពរុស្ស៊ី ៣១៥,០០០នាក់បានស្លាប់ និងរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version