Update៖ ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ ពេលនេះចាប់ផ្ដើមកាយចេញវិញហើយ!

(ភ្នំពេញ)៖ ដោយមានបទបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៥.០២.២០២៤។
គេសង្កេតឃើញថា គ្រឿងចក្របានចាប់ផ្ដើម ធ្វើសកម្មភាពកាយថ្មចេញពីផ្ទៃទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម វិញហើយ..!។
ស្របពេលដែល ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម កំពុងបើកកិច្ចប្រជុំនៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់វិធានការផ្លូវច្បាប់ លើអ្នកប្រព្រឹត្តផ្ទាល់ រួមនិងអ្នកពាក់ព័ន្ធ…!។

សូមជម្រាបថាៈ សំណុំរឿងចាក់ថ្ម រំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធនេះដែរ គឺបានបញ្ជូនដល់តុលាការ កាលពីថ្ងៃទី២៣.០២.២០២៤!។

-នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានថ្លែងប្រាប់«ដើមរាំង»។
បើតាមលោកអភិបាលខេត្ត ករណីចាក់ថ្មរំលោភចូលទន្លេនេះ នឹងត្រូវកាយចេញវិញផង និងចាត់វិធានការផ្លូវច្បាប់ផង ពុំមែនសម្របសម្រួលបញ្ចប់រឿង ដោយស្ងាត់ៗនោះទេ..!។

គួរម្លឹកថា ថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយបណ្ដាញសង្គម មួយចំនួនផ្សព្វផ្សាយអំពីបុគ្គល ។
មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

-ក្រោយទទួលបានព័ត៌មាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន! ។
ក្នុងនោះលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយថ្មចេញវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ..!។

សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
បានបញ្ជាក់ថា ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គឺចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។
បច្ចុប្បន្នៈ ចាក់បានប្រវែង១៣០ម៉ែត្រ សកម្មភាពនៃការចាក់ថ្ម ចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគី ដែលបានធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ត្រូវតែអនុវត្តដូចតទៅ៖
១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។
២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃ ជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។

៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។
ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។

-ទន្ទឹមនិងនោះនៅថ្ងៃទី២៣.០២.២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
-ក្រសួងធនធានទឹក បានលើកឡើងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ។
ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដែលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ។
អញ្ចឹងអ្នកប្រព្រឹត្ត ត្រូវប្រឈមនឹងផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំដល់ប្រាំ (៥)ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version