អ៊ីស្រាអែល​វាយ​ប្រហារ​កាន់តែ​ជ្រៅ ចូលក្នុង​ប្រទេស​លីបង់ បន្ទាប់​ពី​ក្រុម Hezbollah បាញ់ទម្លាក់​ដ្រូនរបស់ខ្លួន!

ប្រភពនៅក្នុងប្រទេសលីបង់ បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារជ្រលង Bekaa របស់ប្រទេសលីបង់ កាលពីថ្ងៃចន្ទ ។
ដោយបានសម្លាប់សមាជិកក្រុមហេសបូឡា យ៉ាងហោចណាស់ពីរនាក់។

នេះគឺជាការវាយប្រហារយ៉ាងជ្រៅបំផុតមួយ ទៅក្នុងប្រទេសលីបង់ ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមជាងបួនខែមុនមកនេះ។
មួយថ្ងៃមុននេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant បានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារលើក្រុមហេសបូឡាក្នុងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នៅហ្គាហ្សាស្ទ្រីប ត្រូវសម្រេចបានក៏ដោយ។

មន្ត្រីសន្តិសុខលីបង់បាននិយាយថា កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើក លើភូមិ Buday ស្ថិតជាយក្រុង Baalbek ដោយផ្តោតលើក្បួនរថយន្តដឹកទំនិញ។ ទោះជាយ៉ាងណា មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​អ្នក​ស្លាប់ ឬរង​របួស​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល ភាគច្រើនត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាពួកគេបានឈានទៅដល់ភាគខាងជើងបន្ថែមទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។
ប្រភពសន្តិសុខលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ បានបង្ហាញពីការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់អ៊ីស្រាអែល។

តំបន់ Baalbek ដែលស្ថិតក្នុងជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ត្រូវបានចាត់ទុកថាជាបន្ទាយនយោបាយដ៏រឹងម៉ាំរបស់ក្រុមហេសបូឡា ហើយជាទីតាំង នៃប្រាសាទបុរាណរបស់រ៉ូម៉ាំង និងជាមជ្ឈមណ្ឌលកសិកម្ម និងដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសលីបង់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version