(ភ្នំពេញ)៖ ករណីលេងល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស បានថយចុះគួរឱ្យកត់សម្គាល់ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ បើធៀបនឹងសប្ដាហ៍មុន។
លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថាក្នុងសប្ដាហ៍ចុងក្រោយនេះ។
ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ។
បានបង្ក្រាបករណីល្បែងស៊ីសងសរុបចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់។
បើតាមអ្នកនាំពាក្យរូបនេះ ពីចំណែកនៃករណីលេងល្បែងស៊ីសងខុសច្បាប់សរុបនោះ នៅខេត្តតាកែវមាន២ទីតាំង ខេត្តឧត្តរមានជ័យមាន១ទីតាំង ខេត្តត្បូងឃ្មុំមាន២ទីតាំង ខេត្តកំពតមាន៣ទីតាំង និងខេត្តបាត់ដំបងមាន១ទីតាំង។
ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង១៥នាក់នោះ មានមួយចំនួនត្រូវបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងមួយចំនួនទៀតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
គួរកត់សម្គាល់ថាកាលពីសប្ដាហ៍កន្លងទៅ សមត្ថកិច្ចនគរបាល បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់បាន១៤៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៣នាក់បញ្ជូនទៅតុលការ និង១៧៤នាក់ទៀតត្រូវបានអប់រំធ្វើកិច្ចសន្យាមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ក្នុងចំណោមករណីសរុបនោះ ខេត្តបាត់ដំបងមាន១៣៦ករណី កំពត៥ករណី តាកែ១ករណី ប៉ៃលិន១ករណី និងខេត្តត្បូងឃ្មុំ១ករណី។
អ្នកនាំពាក្យដដែល បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ។
បានដឹកនាំបញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះចំពោះការងារអាទិភាពចំនួន៦ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕