ឃាត់ខ្លួនបុរសម្នាក់ បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានឃាត់ខ្លួនអ្នកលក់បោះដុំថង់ប្លាស្ទីក ច្រកទំនិញគ្រប់ប្រភេទម្នាក់ រួចបញ្ជូនទៅតុលាការ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ ដើម្បី ចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត អាយុ៣៤ ឆ្នាំ អ្នកលក់បោះដុំថង់ច្រកទំនិញគ្រប់មុខ ទីលំនៅបុរីហុងឡាយ ខណ្ឌដង្កោ។
មន្ត្រីដដែលបានបន្តថា កាលពីថ្ងៃទី២៦ ខែកុម្ភៈកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើឈ្មោះ សុខ ស័ក្កបញ្ញាណិត។

តាមបណ្តឹងពីបុរសរងគ្រោះឈ្មោះ ស្វាយ សារ៉ាត់ តារាវុធ អាយុ៣៦ ឆ្នាំ នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។អង្គហេតុនៃការឃាត់ខ្លួននោះបានបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សុខ ស័ក្កបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីឱ្យដាក់ទុនរកស៊ីជាមួយគ្នា ក្នុងទំហំទឹកប្រាក់ចំនួន ២៣.០០០ដុល្លារ។

ក្នុងនោះជនសង្ស័យ បានអះអាងថា បើសិនជាការងារនោះ រកស៊ីទៅមិនមានផល ចំណេញ ឬមិនកាក់កបយ៉ាងណាក្តី រូបគេជាជនសង្ស័យ នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួនវិញ ក្នុងរយៈពេល៣ខែ។
ដោយមានការជឿទុកចិត្តលើអ្នករាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ប្រាក់សុទ្ធចំនួន២៣.០០០ ដុល្លារឱ្យទៅជនសង្ស័យនៅក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្រោយមកមុខរបរមិនបានជោគជ័យ ជនសង្ស័យមិនបានប្រគល់ប្រាក់ ឱ្យជនរងគ្រោះវិញទេ។
តែបានចេញសែករបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ABA ចំនួន២សន្លឹក។
មួយសន្លឹកមានទឹកប្រាក់៩.០០០ដុល្លារអាមេរិក និងមួយសន្លឹកទៀតចំនួន១៤.០០០ដុល្លារដើម្បីឱ្យជនរងគ្រោះទៅដក ប្រាក់ពីកុងធនាគារ។
ក្រោយពីទទួលបានមូលប្បទានប័ត្រចំនួន២សន្លឹករួចហើយ ដល់ថ្ងៃកំណត់ជនរងគ្រោះបានយកមូលប្បទានប័ត្រនោះ ទៅបើកប្រាក់នៅធនាគារ។
ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនោះមិនមានសាច់ប្រាក់ទេគឺ“សែកស្អុយ” ។

ជនរងគ្រោះនៅពេលដឹងថា សែកស្អុយហើយ ក៏បានព្យាយាមទាក់ទងទៅជនសង្ស័យ។
តែមិនអាចរកដំណោះស្រាយបាន ដោយជនសង្ស័យព្យាយាម គេចពីបំណុលនោះរហូត ទើបជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version