ក្រសួងមហាផ្ទៃ ហាមយករថយន្ត.ន.ប.ទៅធ្វើអាជីវកម្មផ្សេងៗជាលក្ខណៈឯកជន!

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤.០៣.២០២៤ បានចេញសេចក្តីណែនាំថ្មីមួយ ចចំពោះការគ្រប់គ្រង និងប្រើប្រាស់យានយន្ត(នគរបាលជាតិ)។

ក្រសួងមហាផ្ទៃ បានលើកឡើងថាប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូច ។
បានប្រើប្រាស់ដោយខុសការកំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។

ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី-ខេត្ត ដូចខាងក្រោម៖
១. ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាមប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យាន យន្តនគរបាលជាតិ។

២. ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំ នូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុងអង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយ ត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់។

៣. ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ ដូចខាងក្រោម យកផ្លាកលេខពីយានយន្ត ដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ
យកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់

យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំង ខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ ប្រើប្រាស់យានយន្តនគរបាលជាតិ ដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់ យានយន្ត។

៤. អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកំសាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះការខុសឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ ។
ព្រមទាំងបូកសរុបរាយការណ៍ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version