ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យតេជោសែនកោះធំ!

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«មន្ទីរពេទ្យតេជោសែនកោះធំ»ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសនអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតរៀងមក ហើយសម្តេចសូមប្តេជ្ញាថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើដល់បងប្អូនប្រជាពលរដ្ឋដើម្បីជាការតបស្នងសងគុណដល់បងប្អូន។

សម្តេចធិបតី ថ្លែងថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅ បន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងបន្តខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដើម្បីបម្រើដល់បងប្អូនជានិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលខិតខំពង្រឹង និងពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគ្រឿងបំពាក់ និងថ្នាំសង្កូវជាដើម ពោលគឺត្រូវពង្រីកឲ្យបានគ្រប់ទីកន្លែងដល់មូលដ្ឋានតែម្តង។

សម្តេចធិបតី ណែនាំឲ្យបំពាក់សម្ភារៈវះកាត់ឲ្យដល់គ្រប់មន្ទីរពេទ្យបង្អែក នៅតាមស្រុកនានា ជាពិសេសគឺឧបករណ៍វះកាត់ផ្នែកបេះដូងតែម្តង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ មនុស្សគឺជាកត្តាធំណាស់សម្រាប់ការអភិវឌ្ឍសង្គមជាតិ ហើយបើនិយាយពីកត្តាមនុស្ស គឺយើងត្រូវនិយាយពីកត្តាសុខភាព និងការអប់រំ សម្រាប់មនុស្សផងដែរ។

សម្តេចធិបតី ថ្លែងថា ការអប់រំ និងសុខាភិបាលគឺជាគន្លឹះដ៏ធំបំផុតសម្រាប់ការពារជាតិ ដូច្នេះហើយការកសាងនូវសុខភាព និងការអប់រំនេះគឺជាកត្តាធំបំផុត ដែលត្រូវយកចិត្តទុកដាក់ និងត្រូវលើកកម្ពស់ជានិច្ច។

សម្តេចធិបតី ថ្លែងថា ការលើកកម្ពស់សុខភាពរបស់មនុស្ស គឺជាគោលនយោបាយមួយដ៏ធំរបស់រាជរដ្ឋាភិបាល ខណៈមូលធនមនុស្សនេះគឺជាកត្តាសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់គ្រប់ពេលទាំងអស់។

សម្ដេចធិបតី គោលដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងមូលដ្ឋាន សេវាសុខាភិបាលឱ្យគ្របដណ្ដប់ដល់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋានក្នុង ២៤ ម៉ោងលើ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ពលរដ្ឋឱ្យបានល្អ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អាណត្តិទី៧នេះ ខ្ញុំបានដាក់គោលដៅពង្រឹង ៦០% ពង្រីក ៤០% នៅតាមគោលដៅក្រសួង ស្ថាប័នទាំងអស់។ ជារួមគឺយើងផ្ដោតលើការពង្រឹងលើការផ្ដល់សេវា និងការអនុវត្តផែនការការងារ ជាជាងការពង្រីកចំនួនមន្រ្ដីបន្ថែម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការពង្រឹងគុណភាពសុខាភិបាល ត្រូវពង្រឹង តាំងពីគុណភាពឱសថឡើងទៅ ដើម្បីពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋនៅតំបន់ជនបទ មាន សុខភាពកាន់តែប្រសើរ។

សម្ដេចធិបតី បញ្ជាក់ថា ប្រធានមណ្ឌលសុខភាពនៅតាមរាជធានី ខេត្ត គឺសំខាន់ណាស់ ដូច្នេះទើបសម្ដេចបានឯកភាពផ្ដល់គោលការណ៍ និងសិទ្ធិទៅឱ្យខេត្ត ក្នុងការជ្រើសរើសប្រធានមណ្ឌលសុខភាពតែម្ដង ដើម្បីធានានូវសុគត្តភាព និងស្ដង់ដា។ ការណ៍នេះគឺជាការធ្វើវិមជ្ឈការសិទ្ធិក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាលត្រូវជ្រើសរើសថ្នាក់ដឹកនាំផ្នែកសុខភិបាល ដូចជាប្រធានមណ្ឌលសុខភាព ឬនាយកមន្ទីរពេទ្យដោយផ្ដោតសំខាន់ទៅលើមន្រ្ដីដែលមានបទពិសោធផ្នែកសុខភិបាលជាពិសេសធ្លាប់ធ្វើកិច្ចការងារសុខភិបាលនេះពីថ្នាក់ក្រោមរហូតមកដល់លើ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ សូមគោរព តាមនិយាម និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាការពារសុខភាពពលរដ្ឋឱ្យ កាន់តែប្រសើរ។

សម្ដេចធិបតី បានព្រមានថា សម្ដេចនឹងមិនអនុញ្ញាតឱ្យមាន ឱសថគ្មានគុណភាព យកមកព្យាបាលជំងឺពលរដ្ឋនោះទេ។
សម្ដេចបានស្នើដល់ក្រសួងសុខាភិបាល ត្រូវធានាឱ្យបាននូវគុណភាពឱសថទាំងអស់ ដែលត្រូវប្រើសម្រាប់ព្យាបាលពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់បានជោគជ័យ កុំផ្សងសំណាង ហើយអត់ធ្វើអ្វី ប៉ុន្ដែត្រូវខិតខំប្រឹងប្រែង។ បើឈឺត្រូវទៅរកគ្រូពេទ្យ ហើយបើខ្វះចំណេះដឹង ត្រូវស្វែងរកគ្រូបណ្ដុះបណ្ដាល។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ពលរដ្ឋមានសុខភាពល្អ នឹងជួយដល់សេដ្ឋកិច្ច ជាតិកាន់តែប្រសើរ ដោយសាររដ្ឋមិនចំណាយច្រើនលើការព្យាបាលជំងឺជូនពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ចង់បានជោគជ័យ សូមកុំផ្សងសំណាង ត្រូវខិត ខំប្រឹងប្រែងរៀនសូត្រ រៀនជំនាញផ្សេងៗឱ្យបានពូកែ ទើបមានជោគជ័យក្នុងជីវិត។

សម្ដេច នាយករដ្ឋមន្រ្ដី ថ្លែងថា វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាពលរដ្ឋគឺជាកត្តាចំបងបំផុតដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងកំពុងអនុវត្ត ដូច្នេះសូមប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សេដ្ឋកិច្ចកម្ពុជា ក៏ជាចំណែកមួយនៃសេដ្ឋកិច្ច ពិភពលោក។ សេដ្ឋកិច្ចកម្ពុជារីកចម្រើន សេដ្ឋកិច្ចពិភពលោកក៏រីកចម្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដើម្បីអភិវឌ្ឍន៍កសាងប្រទេសឱ្យរីកចម្រើន គឺត្រូវ ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កុំឃើញមន្ទីរពេទ្យល្អចង់ចូល កុំមានបណ្ណ ប.ស.ស ចង់ប្រើ ប៉ុន្ដែត្រូវខិតខំថែមទាំសុខភាពខ្លួនឯងតាមរយៈការហាត់ប្រាណ ចាប់យកកីឡាណាមួយសម្រាប់ខ្លួនឯងជាប្រចាំទើបទទួលបានសុខភាពល្អ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សា ថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយឥតគិតថ្លៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version