ចិន ព្រមានអាមេរិក កុំឱ្យបិទកម្មវិធី TikTok របស់ខ្លួន!

ក្រុងប៉េកាំង បានព្រមាន កាលពីថ្ងៃពុធថា ការហាមឃាត់ដែលបានស្នើឡើងលើកម្មវិធីចែករំលែកវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន នឹង “ត្រឡប់មកខាំសហរដ្ឋអាមេរិកវិញដោយជៀសមិនរួច” ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទប្រកាន់ សហរដ្ឋអាមេរិកពីបទបង្ក្រាប TikTok ថ្វីបើពួកគេមិនមានរកឃើញព័ស្តុតាងណា ដែលបង្ហាញថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ។

លោកលើកឡើងថា អាមេរិកមិនអាចឈ្នះក្នុងការប្រកួតប្រជែងដោយយុត្តិធម៌បានទេ ហើយអាកប្បកិរិយាសម្លុតកំហែងបែបនេះ ។
បានរំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន, បំផ្លាញទំនុកចិត្តអ្នកវិនិយោគអន្តរជាតិក្នុងបរិយាកាសវិនិយោគ និងធ្វើឲ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មអន្តរជាតិ ហើយទីបញ្ចប់ TikTok នឹងបកទៅខាំសហរដ្ឋអាមេរិកវិញដោយចៀសមិនរួច។

ការព្រមាននេះកើតឡើង ក្រោយសមាជិកសភាអាមេរិក អនុម័តសេចក្តីព្រាងច្បាប់មួយ ដែលបង្ខំឲ្យក្រុមហ៊ុនមានម្ចាស់ជាជនជាតិចិនមួយនេះ កាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បើមិនដូច្នោះទេ នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក បានឡើយ។

មន្ត្រីអាមេរិក បានសម្តែងក្តីកង្វល់ជាយូរមកហើយចំពោះកម្មវិធី TikTok ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ TikTok បានបដិសេធម្តងហើយម្តងទៀតចំពោះការគំរាមកំហែងណាមួយ។

ក្រោយការគាំទ្រយ៉ាងលើសលប់ពីគណបក្សទាំងពីរនៅក្នុងរដ្ឋសភា ឥឡូវនេះ ច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយសត្រូវបរទេស នឹងត្រូវបន្តទៅព្រឹទ្ធសភា ។
ប៉ុន្តែគេមិនច្បាស់ថាតើ សេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តដែរឬអត់ ហើយប្រសិនបើឆ្លងផុតមែននោះ សេតវិមាននិយាយថា ច្បាស់ណាស់ លោកប្រធានាធិបតី ចូ បៃដិន នឹងចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលេញជាក់ជាមិនខាន។

TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Byte Dance មានមូលដ្ឋាននៅទីក្រុងប៉េកាំង ប៉ុន្តែប្រសិនបើសេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិក ក្លាយជាច្បាប់ពេញលេញមែននោះ ក្រុមហ៊ុន ByteDance នឹងត្រូវតម្រូវឲ្យលក់ TikTok ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នោះទេ ប្រឈមនឹងការហាមឃាត់ពី App Store និងគេហទំព័ររបស់សហរដ្ឋអាមេរិកទាំងឡាយណាដែលមានផ្ទុកកម្មវិធីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version