ទើបចេញពីពន្ធនាគារ បែកគំនិតលួចម៉ូតូគេ ត្រូវសមត្ថកិច្ចក្រុងខេមរភូមិន្ទ ចាប់បានម្ដងទៀត!

(កោះកុង)៖ ក្រុមចោរ២នាក់ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទ ឃាត់ខ្លួនភ្លាមៗ ក្រោយពួកគេធ្វើសកម្មភាព លួចម៉ូតូ១គ្រឿង ពីជនរងគ្រោះឈ្មោះ លី សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ នៅចំណុចដីឡូត៍ សំវីរៈ ក្បែរអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោង ប្រមាណជាង៤ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
រួចបើករត់គេច តែត្រូវបានម្ចាស់ម៉ូតូឃើញ និងបានបើកម៉ូតូ១គ្រឿងទៀត តាមពីក្រោយ ហើយស្រែកសុំការអន្តរាគមន៍ ពីពលរដ្ឋនានានៅតាមដងផ្លូវ ។
ធ្វើអោយក្រុមចោរនោះស្លន់ស្លោរ ហូតជិៈម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿង ។
ដែលចតនៅក្បែរផ្លូវម្តុំរង្វង់មូលយាយរែកផ្លែឈើ ធ្វើអោយដួលម៉ូតូរងរបួស ទើបម្ចាស់ម៉ូតូ និងពលរដ្ឋរួមទាំងសមត្ថកិច្ច ចាប់បាននៅនឹងកន្លែងតែម្តង  ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ ដែលបានឃើញហេតុការផ្ទាល់ បានបញ្ជាក់ថា ពួកគាត់បានឃើញម៉ូតូពីរបីគ្រឿងបើកកៀកគ្នា រួចស្រែកលឺៗថា ចោរៗ ចោរលួចម៉ូតូ ជួយចាប់ចោរ ។
ខណៈពួកគាត់ក៏បានឃើញម៉ូតូមួយគ្រឿង បុកជាមួយរថយន្តដែលចតនៅក្បែរផ្លូវ ធ្វើអោយម៉ូតូដួល និងមនុស្សម្នាក់ ។
ក្នុងចំណោមនោះ បានរងរបួសហូរឈាម ដេកស្តូក និង មានមនុស្សជាច្រើនបានចោមរោមជិត ។

បើតាមការបញ្ជាក់ពីអធិការក្រុងខេមរភូមិន្ទ លោក យស់ ចាន់វិចិត្រ បានអោយដឹងថា ជនសង្ស័យឈ្មោះ រិន ធារ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរនេសាទ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង(ទើបចេញពីពន្ធនាគារ) បានចេញពីផ្ទះក្នុងគោលបំណងទិញទឹកសុទ្ធ ។
តែក៏បានប្រទះឃើញម៉ូតូ១គ្រឿងចតចោលក្បែរផ្លូវ ។
ដោយមានកូនសោរជាប់នៅម៉ូតូស្រាប់ ជនសង្ស័យ ក៏បានធ្វើសកម្មភាពលួចម៉ូតូហើយជិៈទៅឌុបដៃគូម្នាក់ទៀត ឈ្មោះ ព្រឿង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ (ទើបចេញពីពន្ធនាគារ) មុខរបរនេសាទ បច្ចុប្បន្នរស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ដែលបានដើរទៅមុន ក្នុងគោលបំណងយកទៅកាន់ស្រុកមណ្ឌលសីមា តែត្រូវបានម្ចាស់ម៉ូតូ រួមទាំងពលរដ្ឋ និង កងកម្លាំងសមត្ថកិច្ច ដេញតាមពីក្រោយរហូតចាប់បានតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ បានធ្វើការដកហូតបានវត្ថុតាងមួយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

បច្ចុប្បន្នៈ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យកណ្តាលនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version