រយៈពេល១សប្ដាហ៍នេះ ប៉ូលីសឃាត់ខ្លួនក្មេងទំនើង សរុបចំនួន៧៥នាក់!

(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ ក្រុមក្មេងទំនើងសរុបចំនួន៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ។
ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី​ ឃាត់ខ្លួន​១៥នាក់ ខេត្តស្វាយរៀង​មាន៣ករណី​ ឃាត់ខ្លួន​៣នាក់ បាត់ដំបង​មាន២ករណី ឃាត់ខ្លួន​៤៤នាក់ ត្បូងឃ្មុំ​មាន២ករណី​ឃាត់ខ្លួន​៥នាក់ កណ្ដាល​មាន២ករណី ឃាត់ខ្លួន​៥នាក់ ពោធិ៍សាត់​មាន២ករណី​ ឃាត់ខ្លួន​២នាក់ និងខេត្តកំពង់ធំ​មាន១ករណី​ ឃាត់ខ្លួន​១នាក់។

គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។
បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ពួកគេភាគច្រើនជាក្មេងមិនស្ដាប់ការអប់រំ ទទួលឥទ្ធិពលគ្រឿងញៀន និងឥទ្ធិពលនៃការធ្វើសកម្មភាពអសីលធម៌តៗគ្នាលើបណ្ដាញសង្គម។

នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមទាំងកម្លាំងនគរបាលតាមឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version