ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា!

(ភ្នំពេញ)៖ នៅព្រឹកទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត ពិការតែកាយ ចិត្តមិនពិការឡើយ។

សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។

សម្តេចធិបតី បានថ្លែងថា ជនមានពិការភាពទាំងអស់មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ និងរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។

សម្តេចធិបតី បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។

សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ទៅលើជនមានពិការភាព។

សម្តេចធិបតី លើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី ពិការកាយ មិនពិការចិត្ត ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។

សម្តេចធិបតី បានថ្លែងថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព គឺជាការចាំបាច់ ដើម្បីធ្វើឱ្យជនមានពិការភាពទាំងអស់ ទទួលបានសិទ្ធិដូចប្រជាជនដែលគ្មានពិការភាពផងដែរ រួមមាន៖ សិទ្ធិទទួលបានការអប់រំ, ការថែទាំសុខភាព, សេវាយុត្តិធម៌ និងការចូលរួមនៅក្នុងសកម្មភាព – សង្គម សាសនា, កីឡា, សិល្បៈ, នយោបាយ ដោយពេញលេញ និងស្មើភាព។

សម្តេចធិបតី បានប្រកាសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោដោយគ្មានការ ជួយជ្រោមជ្រែងនោះឡើយ។

សម្តេចធិបតី អំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីជនមានពិការភាព, អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និង យុទ្ធសាស្ត្រទីក្រុងអ៊ីនឈុន ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយដែលមានបរិយាប័ន្ន និង ភាពសុខដុមសម្រាប់ ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ត្រូវបានបោះបង់ចោល»

សម្តេចធិបតី ប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល៣ឆ្នាំទៀត សរុប៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន។

សម្តេចធិបតី ប្រកាសទទួលយកសំណើធ្វើជាប្រធានកិត្តិយសមជ្ឈមណ្ឌលជាតិ​នៃជនពិការតេជោសែន។

សម្តេចធិបតី បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version