Update៖ បនល្បែងខ្នាតធំ នៅស្រុកសន្ទុក នៅតែបន្តបើកលេងរាល់ថ្ងៃ ក្រោយសមត្ថកិច្ចចុះពិនិត្យ!

(កំពង់ធំ)៖ សកម្មភាពនៃការបើកបនល្បែងស៊ីសងខ្នាតធំដុះស្លែ(អាប៉ោង-បញ្ជល់មាន់-ល្បែងសត្វ)”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅតែអាចបន្តដំណើរការ បានយ៉ាងរលូនដដែល..!។
គឺដូចពាក្យចាស់និយាយថា«ឆ្កែចេះតែព្រុស.មនុស្សចេះតែដើរ»។
ខណៈសារព័ត៌មាន ធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាប..!។

បែរជាសមត្ថកិច្ចមិនបង្ក្រាប ដោយគ្រាន់តែចុះទៅពិនិត្យដល់ទីតាំងសង្វៀនជាក់ស្ដែង ឃើញគេបញ្ជល់មាន់បាន២គូ.រួចក៏ត្រឡប់មកវិញ។
ដោយទុកឱ្យក្រុមអ្នកញៀនល្បែងរាប់សិបនាក់ បន្តសកម្មភាពលេងល្បែង ភ្នាល់ចាក់លុយធំៗយ៉ាងគគ្រឹកគគ្រេងលើសដើម….!។
-នេះបើយោងតាម ការបញ្ជាក់ពីពលរដ្ឋ ដែលបានទៅចូលលេងល្បែងនៅទីនោះដោយផ្ទាល់..!។

សេចក្ដីរាយការណ៍បានឱ្យដឹងថា បនល្បែងខ្នាតធំ ត្រង់ចំណុចខាងលើ គឺបើកលេងជាយូរខែ.ឆ្នាំ.មកហើយ ពោលគឺលេង រាល់ថ្ងៃ ខួបប្រាំងខួបវស្សា.!។
ដោយមិនដែលឃើញ សមត្ថកិច្ចថ្នាក់ណា ចុះបង្ក្រាបនោះឡើយ ព្រោះថា ម្ចាស់ទីតាំងអ្នកបើកល្បែងមួយនេះ គឺឈ្មោះ គ្រូឈាន់ សហការជាមួយឈ្មោះ សំអាង ថៅកែផ្សារភពអំបិល.!។
អ្នកទាំង២ជាមនុស្ស មានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញ ក្នុងការសម្របសម្រួល រត់ការជាមួយអ្នកពាក់ព័ន្ធ តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ខេត្ត.!។

-យ៉ាងណាក្ដី.បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា បនល្បែងត្រង់ចំណុចខាងលើ បើកលេងយ៉ាងអនាធិបតេយ្យ រាល់ថ្ងៃបែបនេះ!។
នៅថ្ងៃទី២០.០៣.២០២៤ វេលាម៉ោង១២ថ្ងៃត្រង់«ដើមរាំង»បានធ្វើការចុះផ្សាយ សម្រាប់ជាដំណឹងដល់មហាជន រួមនិងថ្នាក់ដឹកនាំឱ្យមានវិធានការបង្ក្រាប..!។

ក្នុងនោះបែរជាលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បកស្រាយបំភ្លឺថា ល្បែងត្រង់ចំណុចខាងលើ គឺសមត្ថកិច្ចបង្ក្រាបតាំងពីជាង១០ថ្ងៃមុនម្ល៉េះ! ។
លោក ឡង គីសឹង អះអាងថាៈពេលនេះមិនមានការ លេងល្បែងទៀតទេ។-បើទោះបីជា.លោកអភិបាលស្រុក បញ្ជាក់ថា លែងមានសកម្មភាពលេងល្បែងបែបនេះក្ដី..!។
ប៉ុន្តែក្រោយ«ដើមរាំង»ផ្សព្វផ្សាយបានប្រហែល១ម៉ោង ពោលគឺនៅវេលាម៉ោង១រសៀលថ្ងៃទី២០.០៣.២០២៤។
គេឃើញសមត្ថកិច្ចប៉ូលីសចំនួន៣នាក់ ក្នុងនោះម្នាក់នៅចាំម៉ូតូខាងក្រៅ..!។
រីឯ២នាក់ទៀត បានចុះទៅពិនិត្យដល់ទីតាំង បនល្បែងត្រង់ចំណុច”អូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ប្រាកដមែន…!។
ជាហេតុនាំឱ្យ មានការភ្ញាក់ផ្អើលមួយភ្លែត ប៉ុន្តែក្រុមអ្នកញៀនល្បែង មិនរត់ទៅណាទេ..!។
ដោយផ្អែកថា ម្ចាស់សង្វៀនឈ្មោះ គ្រូឈាន់ និងឈ្មោះ សំអាង បានរត់ការអស់ហើយ គេមិនចាប់ទេ..!។

ប្រភពដដែលបន្តថា ខណៈពេលសមត្ថកិច្ចចុះពិនិត្យនោះ គឺពួកគេទើបនឹងលេង បញ្ជល់មាន់បាន២គូប៉ុណ្ណោះ.! ។
ដោយឃើញ វត្តមានសមត្ថកិច្ចនៅទីតាំងល្បែងបែបនេះ ពួកខ្លួនក៏នាំគ្នាផ្អាកលេងរយៈពេល កន្លះម៉ោងសិន.!។
លុះសមត្ថកិច្ចទាំង២នាក់ចេញទៅវិញ ពួកគេក៏បន្តលេងល្បែងបញ្ជល់មាន់.អាប៉ោង.និងល្បែងសត្វ.រហូតចប់ចុងចប់ដើម ល្ងាចទើបឈប់ ដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី២១.០៣.២០២៤ បនល្បែងត្រង់ចំណុចខាងលើ បានបន្តបើកលេងល្បែងជាធម្មតា..!។
ដោយគ្រាន់តែម្ចាស់ទីតាំង ចាប់ផ្ដើមរឹតបន្តឹងត្រួតពិនិត្យ និងបន្ថែមកម្លាំង យាមកាមតាមដងផ្លូវ នៃច្រកចេញចូល ។
ដើម្បីហាមឃាត់អ្នកប្លែកមុខ ជាពិសេសអ្នកកាសែត មិនអនុញ្ញាតឱ្យចូលដល់បនល្បែងជាដាច់ខាត..!។

រហូតដល់ថ្ងៃទី២២.០៣.២០២៤ ក៏សកម្មភាព នៃការលេង ល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើ នៅតែបន្តបើកលេងយ៉ាងអនាធិបតេយ្យដដែល។
ដូចគ្មានរឿងអ្វីកើតឡើង មិនខ្វល់ពីសារព័ត៌មាន ចុះផ្សាយសោះឡើយ….!។

ឆ្លើយតបនិងការអះអាងខាងលើ នៅរសៀលទី២២.០៣.២០២៤ លោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានថ្លែងប្រាប់«ដើមរាំង»ថា សូមឱ្យសារព័ត៌មាន ផ្ដល់រូបភាពជាក់ស្ដែងមកកាន់លោក ដើម្បីឱ្យដឹងច្បាស់ថាតើមានការលេងល្បែងពិត ឬមិនពិត.!។
លោកអធិការបន្តថា ខ្ញុំចង់ដឹងណាស់ តើមេប៉ុស្តិ៍កុហក់ខ្ញុំ ឬយ៉ាងណា? ហេតុនេះទើបខ្ញុំសុំរូបជាក់ស្ដែង។
-ចំពោះសំនួរថា តើនៅថ្ងៃទី២០.០៣.២០២៤ លោកអធិការ បានចាត់កម្លាំងឱ្យចុះពិនិត្យឬទេ..?។
-ត្រង់ចំណុចនេះ លោកអធិការបានទទួលស្គាល់ថា លោកពិតជាបានឱ្យកម្លាំង ចុះពិនិត្យប្រាកដមែន…!។

ទោះជាយ៉ាងណាក៏ដោយ ស្ដ្រីដែលមានប្ដីជាអ្នកញៀនល្បែង ដែលតែងចូលលេងល្បែងត្រង់ចំណុចខាងលើជាប្រចាំ សូមស្នើយ៉ាងទទូចដល់លោក ម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាចាត់កម្លាំងជំនាញ ដែលអាចទុកចិត្តបាន! ឱ្យចុះទប់ស្កាត់ និងបង្ក្រាប បនល្បែងខ្នាតធំត្រង់ចំណុចខាងលើ ដើម្បីអនុវត្តតាម បទបញ្ជាប្រមុខរាជរដ្ឋាភិបាល.ស្ដីពីភូមិ.ឃុំ.មានសុវត្ថិភាព..!។
ព្រោះថា អ្នកលេងល្បែង ពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា.អ្វីៗក៏ហ៊ានធ្វើ អាចកើតជាអំពើហិង្សាក្នុងគ្រួសារ ឬអំពើអសន្តិសុខផ្សេងៗ ក្នុងមូលដ្ឋាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version