កាតអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ដើម្បីទប់ស្កាត់ក្លែងក្លាយ ក្រសួងចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាដើម្បីគ្រប់គ្រង ចំនួនអ្នក
សារព័ត៌មាន នៅកម្ពុជាឱ្យបានច្បាស់លាស់។
ក្រសួងបានចេញបណ្ណសម្គាល់អត្ត
សញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មី(កាត)ប្រកបគុណភាពខ្ពស់។
ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។
ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយ នៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថាក្រសួងព័ត៌មាន បានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវ ដល់បងប្អូនអ្នកសារព័ត៌មាន។
ដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកបណ្ណ នៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងទៀតថាក្រសួងនឹង ចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់។
ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណ អ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។

ឯកឧត្តមបញ្ជាក់ថា អង្គភាពសារព័ត៌មាន ដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ។
ប៉ុន្តែស្នើសុំឱ្យស្នើសុំយក​ QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។
ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានរំលឹកផងដែរថា ករណីការបោះពុម្ព ដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។

ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួង ដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២.០០០ ។
ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០​នាក់ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី៖ ក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន៕​

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version