សង្ក្រាន្ត៤ថ្ងៃ នៅខេត្តកំពង់ធំ មានភ្ញៀវមកលេងកម្សាន្ត ជាង២៤ម៉ឺននាក់!

(កំពង់ធំ)៖ រយៈពេល​៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ដល់ទី១៦ខែមេសាឆ្នាំ២០២៤។
នៅខេត្តកំពង់ធំ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយប្រមាណជាង២៤ម៉ឺននាក់។
របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាន លេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ២៤៤,៣៣៧នាក់ ក្នុង​នោះមាន ភ្ញៀវជាតិចំនួន ២៤៤,២៣២នាក់ និងភ្ញៀវអន្តរជាតិចំនួន១០៥នាក់។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តកំពង់ធំ ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធ​កម្ម​វិធី​សង្រ្កាន្ត​កំពង់​ធំ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ធំ និងបានរៀបកន្លែងកំសាន្តជាច្រើន ក្នុង​នោះ​ក៏​បាន​រៀបចំនូវ ការបង្ហាញពីវប្បធម៌ ប្រពៃណី របស់ជនជាតិដើមភាគតិច ការប្រគំតន្ត្រី និង​ការ​លេង​ល្បែងប្រជាប្រិយកម្សាន្តចំនួន ១១ ប្រភេទ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់​កន្លែង ពាំពងមាន់ ដណ្តើមស្លឹកឈើ ប្រដាល់បិទមុខ និងឡើងសសរខ្លាញ់ជាដើម។
ទន្ទឹម​ជា​មួយ​គ្នា​នេះផងដែរ នៅតាមបណ្តា ក្រុង ស្រុក វត្តអារាម ក៏មានការរៀបចំព្រមៗគ្នា សម្រាប់​ប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានលេងកំសាន្ត ប្រកបដោយសាមគ្គីភាព ក្នុងស្មារតី សប្បាយរួមគ្នា ក្នុង​នាម​ភាតរភាព ចូលរួមថែរក្សាប្រពៃណីជាតិ។
ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំ និងសង្រ្កាន្តតាមបណ្តាក្រុង ស្រុក បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ និងមានការទទួលខុសត្រូវខ្ពស់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំង និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version